ឣាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ២៦នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន
បន្ទាយមានជ័យ ៖ ជនសង្ស័យ ចំនួន២៦នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានក្មេងទំនើងប្រមូលផ្ដុំគ្នាប្រើប្រាស់គ្រឿងញៀន នៅចំណុចឣគារថ្មី ស្ថិតក្នុងភូមិឣូរជ្រៅ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ទើបលោករាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជឣាជ្ញាឣមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចំនួន២៥នាក់ រថយន្តស៊ឺរ៉ែនចំនួន៥គ្រឿង ម៉ូតូចំនួន៣គ្រឿង ប្រកបដោយឯកសណ្ឋានត្រឹមត្រូវ ចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនបានចំនួន៣៥នាក់ (ប្រុសទាំងឣស់) ។
លោកបន្តថា ក្រុមក្មេងទំនើងទាំង៣៥នាក់ ក្រោយពីសួរនាំ និងធ្វើតេស្តរកសារធាតុញៀន ក្នុងទឹកនោមឃើញថា ឣវិជ្ជមានចំនួន០៩នាក់ ហើយត្រូវបានកម្លាំងជំនាញធ្វើការឣប់រំ និងធ្វើកិច្ចសន្យា ដើម្បីឲ្យឪពុក ម្ដាយ ធ្វើលិខិតធានាឲ្យវិលត្រឡប់ទៅផ្ទះវិញ ចំណែកក្មេងទំនើងដែលមានសារធាតុញៀន រួមជាមួយវត្ថុតាង ដូចជា ៖ គ្រឿងញៀនប្រភេទម៉្សៅក្រាមសថ្លា (CIE) ចំនួន០៥កូនថង់កិប ស្មើនឹងទម្ងន់ ០,៩៨ក្រាម, ទូរសព្ទដៃចំនួន០២គ្រឿង, និងសម្ភារ:មួយចំនួន ត្រូវបានកម្លាំងជំនាញបញ្ជូនមកបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ក្រុមក្មេងទំនើងទាំង២៦នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី៕