មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡា ចុះពិនិត្យគម្រោងជីព យុទ្ធសាស្ត្រសហគមន៍សាលារៀន នៅសាលាបឋមសិក្សាវត្តលៀប
បាត់ដំបង ៖ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡា លោកស្រី ទិន ណាវឹន ជាអនុប្រធានការិយាល័យនាយកដ្ឋានបឋមសិក្សា បានដឹកនាំក្រុមការងារចុះពិនិត្យតាមដានការងារក្នុងគម្រោងជីព ដែលជាយុទ្ធសាស្ត្រសហគមន៍សាលារៀន នៅសាលាបឋមសិក្សាវត្តលៀប ស្ថិតក្នុងភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
លោកស្រី អ៊ុន កែវនិមិត នាយិការនៃសាលាបឋមសិក្សាវត្តលៀបបានបញ្ជាក់ថា ក្រុមការងារក្រសួងចុះមកថ្ងៃនេះដែរ គឺដើម្បីពិនិត្យតាមដានការងារក្នុងគម្រោងជីព ដែលជាយុទ្ធសាស្ត្រសហគមន៍សាលារៀន ជាគម្រោងកែលម្អគុណភាពចំណេះទូទៅនៅតាមគោលដៅសាលាចំនួន០៥ រួមមាន ,សាលាបឋមសិក្សាវត្តលៀប ,សាលាបឋមសិក្សា២ធ្នូ ,សាលាបឋមសិក្សាជ្រៃកោង ,សាលាបឋមសិក្សាពោធិវង្ស និងសាលាបឋមសិក្សាជាស៊ីម គោលបំណងដើម្បីពិនិត្យថាតើ២០២៣ ,២០២៤នេះ ខាងសាលាបានអនុវត្តការងារក្នុងគម្រោងបានប៉ុន្មានចំណុច ក្នុងចំណុចទី១ រហូតដល់ចំណុចទី១០ ដើម្បីក្រុមការងារក្រសួងពន្យល់បន្ថែមដើម្បីអោយសាលាទាំងអស់ក្នុងគម្រោងជីពទទួលបានជោគជ័យនៅបំណាច់ឆ្នាំ២០២៣ ,២០២៤នេះ។
លោកស្រីនាយិការបានបញ្ជាក់បន្ថែមថា ចំពោះការងារដែលត្រូវអនុវត្តក្នុងឆ្នាំសិក្សា២០២៣, ២០២៤នេះគឺមានទាំងអស់១០ចំណុចដើម្បីអោយសាលារៀនក្លាយជាសាលាស្តង់ដា ដែលទី១ គឺការបង្កើតគណកម្មការគ្រប់គ្រងសាលារៀន ,ទី២ ការបង្កើតគណកម្មការគ្រប់គ្រងថ្នាក់រៀន ,ទី៣ មានការធ្វើតេស្តដើមឆ្នាំ តេស្តប្រចាំខែ និងតេស្តប្រចាំឆមាស ,ទី៤ ផែនការកែលម្អសាលារៀន២០២៤ ,ទី៥ ផែនការថ្នាក់រៀនមាន ផែនការឆ្នាំ ផែនការត្រីមាស និងផែនការប្រចាំខែ ,ទី៦ លោកគ្រូ អ្នកគ្រូទាំងអស់ត្រូវធ្វើផែនការរៀនសូត្ររបស់សិស្សម្នាក់ៗគ្រប់សិស្សទាំងអស់ ដោយយើងរៀបចំផែនការរបស់គាត់ទៅតាមការនែនាំដោយមានការទទួលខុសត្រូវនិងសន្យាប្តេជ្ញាចិត្តពីមាតាបិតា។ ទី៧ កិច្ចព្រមព្រៀងការងាររវាងគ្រូបង្រៀនជាមួយមាតាបិតា ,ទី៨ កិច្ចព្រមព្រៀងលទ្ធផលការងារនិងការអភិវឌ្ឍន៍វិជ្ជាជីវប្រចាំរបស់គ្រូបង្រៀននិងនាយកសាលា ,ទី៩ កិច្ចព្រមព្រៀងលទ្ធផលការងារនិងការអភិវឌ្ឍវិជ្ជាជីវប្រចាំឆ្នាំរបស់នាយក នាយករង ជាមួយគ.គ.ស គណកម្មការគ្រប់គ្រងសាលារៀន ,ទី១០ កិច្ចព្រមព្រៀងរវាងក្រសួងអប់រំយុវជននិងកីឡា និងសាលារៀនមានស្តង់ដារ ផ្តល់ការបង្វឹកដល់សាលារៀននៅក្នុងសហគមន៍សាលារៀនឆ្នាំសិក្សា២០២៣,២០២៤ ជាមួយមន្ទីរអប់រំយុវជននិងកីឡា រាជធានីខេត្ត ៕
ដោយ ៖ សាលី