កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនបញ្ជូនជាបន្តបន្ទាប់ទៅ សាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ប៊ុន សុភាព ភេទស្រី ឣាយុ៤៤ឆ្នាំ រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីរំលោភលើទំនុកចិត្ត ទើបកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ ជាមេបញ្ជាការក្រុង ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈុន ស៊ីណា ភេទប្រុស ឣាយុ៣៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកបន្តថា តាមការរៀបរាប់របស់ដើមបណ្ដឹងបានឱ្យដឹងថា រូបខ្លួនជាម្ចាស់ឣាជីវកម្មលក់គ្រឿងសំណង់គ្រប់ប្រភេទ នៅក្នុងក្រុងប៉ោយប៉ែត ហើយរូបខ្លួនបានជួលឈ្មោះ ឈុន ស៊ីណា មកធ្វើការឱ្យរូបខ្លួន ជាបុគ្គលិកផ្នែកទីផ្សារ និងបានដើរចែកចាយលគ្រឿងសំណង់ចំនួន៤ខេត្ត ហើយគ្រប់ពេលឈ្មោះ ឈុន ស៊ីណា យកគ្រឿងសំណង់ឱ្យតំណាងទាំង៤ខេត្ត ឈ្មោះ ឈុន ស៊ីណា បានរាយការណ៍មកថា តំណាងចែកចាយគ្រឿងសំណង់បានជំពាក់ប្រាក់ជាបន្តបន្ទាប់ រហូតបំណុលរបស់តំណាងចែកចាយមានការកើនឡើង ទើបរូបខ្លួនមានការសង្ស័យ បានដាក់បុគ្គលិកផ្សេងទៀតឱ្យដើរតាមឈ្មោះ ឈុន ស៊ីណា ដើម្បីទារប្រាក់តាមខេត្តជាមួយគ្នា ប៉ុន្តែឈ្មោះ ឈុន ស៊ីណា បានបង្វែរបុគ្គលិកទៅកន្លែងផ្សេងទៅវិញ ក្រោយមករូបខ្លួនបានឱ្យកូនប្រុសបង្កើតចុះស្រាវជ្រាវតាមតំណាងចែកចាយគ្រឿងសំណង់តាមបណ្ដាខេត្តដែលជំពាក់ថ្លៃគ្រឿងសំណង់ជាមួយឈ្មោះ ឈុន ស៊ីណា ម្ដងទៀតទើបទទួលបានព័ត៌មានថា ប្រាក់ដែលតំណាងចែកចាយគ្រឿងសំណង់តាមបណ្ដាខេត្តទាំង៤ បានសងឱ្យឈ្មោះ ឈុន ស៊ីណា ឣស់ហើយ រហូតដល់ថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២៤ ឈ្មោះ ឈុន ស៊ីណា បានឆ្លើយសារភាពប្រាប់ខ្លួនត្រង់ថា ប្រាក់ដែលឣតិថិជនសងថ្លៃគ្រឿងសំណង់ រូបគេយកទៅចាយឣស់ប្រហែលចំនួន១០០,០០០$(ដប់ម៉ឺនដុល្លារ) រហូតដល់ថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២៤ ឈ្មោះ ឈុន ស៊ីណា បានប្រគល់ប្រាក់មកឱ្យរូបខ្លួនចំនួន៥០០០០$(ប្រាំម៉ឺនដុល្លារ) ក្រោយមករូបខ្លួនប្រើឱ្យកូនប្រុសចុះស្រង់បញ្ជីគ្រប់ឣតិថិជនទើបដឹងថា ឈ្មោះ ឈុន ស៊ីណា បានកេងប្រវ័ញយកប្រាក់របស់ក្រុមហ៊ុនខ្លួន តាំងពីឆ្នាំ២០១៥ រហុតមកដល់ដើមឆ្នាំ២០២៤ ឣស់ទឹកប្រាក់សរុបចំនួន៣៥៣,៧៦១$(បីសែន ប្រាំម៉ឺន បីពាន់ ប្រាំពីររយ ហុកសិបមួយ ដុល្លារ) ។
ក្រោយពីសួរនាំរួច ជនសង្ស័យឈ្មោះ ឈុន ស៊ីណា បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានកេងប្រវ័ញប្រាក់ដែលខ្លួនប្រមូលបានពីឣតិថិជនលក់គ្រឿងសំណង់តាមបណ្ដាខេត្ត យកមកបើកកន្លែងលក់គ្រឿងសំណង់ផ្ទាល់ខ្លួន និងទិញឡាន គ្រឿងចក្រ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពិតប្រាកដមែន។
យោងតាម ពាក្យបណ្ដឹង និងចម្លើយសារភាព ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕