ម្ចាស់ដីជាងមួយហិចតា មានឯកសារកាន់កាប់ស្របច្បាប់ និងអស្រ័យផលជាង១០ឆ្នាំ ត្រូវគេប្តឹងថាលួចដីគេទៅតុលាការ សូមអោយសម្តេចហ៊ុន ម៉ាណែត ជួយរកយុតិ្តធម៌
បន្ទាយមានជ័យ ៖ លោកស្រី រស់ ពៅ អាជីវករផ្សាររោងក្លឿង ស្នើសុំសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍ រកយុត្តិធម៌ជូនគាត់ជាស្រ្តី ក្រោយពីតុលាការខេត្តបន្ទាយមានជ័យ កាត់ឲ្យលោកស្រីចាញ់ក្តី ក្នុងបទចោទថា លោកស្រីលួចដីដែលខ្លួនបានទិញស្របច្បាប់បើ មានឯកសារត្រឹមត្រូវដល់ក្រុង និងបានអាស្រ័យផងជាង១០ឆ្នាំមកហើយ លើដីជាងមួយហិចតានៅចំណុចផ្លូវ ៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជួបជាមួយអ្នកសារព័ត៌មានលោកស្រី រស់ ពៅ បានរៀបរាប់ថា ខ្លួនបានទិញដីពីឈ្មោះ ឡុង សំណាង ចំនួនកន្លះហិចតា និងពីឈ្មោះ យ៉ង់ យុន មួយហិចតា ក្នុងអំឡុងឆ្នាំ២០១៣ ដោយមានឯកសារអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ក្រុង ទទួលស្គាល់ទៀតផង ដោយកាលនោះលោក គាត ហ៊ុល ជាចៅសង្កាត់ផ្សារកណ្តាល (បច្ចុប្បន្នអភិបាលក្រុង) លោក ង៉ោ ម៉េងជ្រួន ជាអភិបាលក្រុងប៉ោយប៉ែត (បច្ចុប្បន្នអភិបាលរងខេត្ត)ក្រោយទិញបានបីឆ្នាំ ក៏ស្រាប់តែមានឈ្មោះ ឈុន ឈួត បានប្រាប់និងចោទលោកស្រីថា បានលួចដីរបស់ខ្លួន ក្នុងនោះលោកស្រីបានបញ្ជាក់ថា លោកស្រីមិនបានលួចដីរបស់ប្អូនទេ គឺ ដីនេះលោកស្រីបានទិញពីឈ្មោះ ឡុង សំណាង និងឈ្មោះ យ៉ង់ យុន ដោយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ក្រុង ទទួលស្គាល់ទៀតផង។ ក្រោយពីបានប្រាប់លោកស្រីរួច ក៏ស្រាប់តែនៅក្នុងអំឡុងឆ្នាំ២០១៥ ឈ្មោះ ឈុន ឈួត បានដាក់ពាក្យបណ្ដឹងចូលទៅតុលាការ រហូតតុលាការកោះហៅឲ្យចូលខ្លួនទៅបំភ្លឺច្រើនលើកច្រើនសារ លោកស្រីក៏បានចូលទៅបំភ្លឺទាំងខ្លួនកំពុងប្រកបរបររកទទួលទាននៅក្នុងផ្សាររោងក្លឿ ទឹកដីថៃទាំងលំបាក ដើម្បីចិញ្ចឹមជីវិត និងបង់ធនាគារផងដែរ។ ក្រោយមកទៀតតុលាការក៏បានកាត់ក្តីឲ្យលោកស្រីចាញ់ ដោយបានចោទប្រកាន់លោកស្រីថា ជាចោរលួចអចលនទ្រព្យរបស់ខ្លួន(ដី) ទាំងអាជ្ញាធរមូលដ្ឋានថ្នាក់ភូមិដល់ក្រុងថែមទៀតនោះ ។
លោកស្រីបញ្ជាក់ថា កន្លងមកនេះមានលោក គង់ រិទ្ធា ដែលជាមន្ត្រីប៉េអឹម បានហៅលោកស្រីទៅធ្វើការសម្របសម្រួលដោយលើកឡើងថា ដីនេះជាដីរបស់មេទេសូមឱ្យលោកស្រីលក់ឱ្យគេវិញទៅ ប្រយ័ត្នមានរឿង ក្នុងនោះមានឈ្មោះ ឌួង សំអុល ក៏បានខលទៅលោកស្រីដែរថា ដីហ្នឹងលក់ឱ្យគេទៅមួយការ៉េ ៥ដុល្លារ បើមិនលក់ឲ្យគេប្រយ័ត្នគេចាប់ដាក់គុក ។
ពាក់ព័ន្ធករណីនេះដែរលោក គង់ រិទ្ធា បានឲ្យអ្នកយកព័ត៌មានដឹងតាមទូរសព្ទថា លោកបានត្រឹមតែសម្របសម្រួលតែប៉ុណ្ណោះ ដោយសារម្ចាស់ដីកម្មសិទ្ធិជាកូនចៅក្នុងសមាគមន៍ របស់លោក ហើយរឿងនេះបើចង់ផ្សាយក៏គ្មានប្រយោជន៍ដែរ ពីព្រោះរឿងដីនេះគាត់ជាអ្នករំលោភយកដីគេទេ មិនមែនគេរំលោភយកនោះទេ ដីគេតាំពីឆ្នាំ២០០៣ ហើយបើចង់ដឹងច្បាស់សួរអាជ្ញាធរ សួរអ្នកស៊ីញេទៅ នាំគ្នាស៊ីញេជាន់លើដីគេហ្នឹង ។
លោកបញ្ជាក់ថា អ្នកដែលត្រូវរកយុត្តិធម៌នោះ គឺ មានតែម្ចាស់ដីដែលជាកូនចៅរបស់លោករហូត ទាំង ឡុង សំណាង បានយកដីគ្នាទៅលក់ហើយសង្កត់គ្នាទៀត ហើយរឿងនេះ លោកក៏បានធ្វើការសម្របសម្រួលឲ្យដោះស្រាយគ្នាបញ្ចប់ទៅ ដោយសារម្នាក់ៗ ទៅទិញដីនិងសុទ្ធតែចាញ់បោកគេតគ្នា ។
តែទោះយ៉ាងនេះក្តី បើតាមតំណាងក្រុមហ៊ុន លី សៃឃាង បានឲ្យដឹងដែរថា ដីទាំងអស់នេះជាដីរបស់ក្រុមហ៊ុន លី សៃឃាងទេ ដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើការតាមនិតិវិធីច្បាប់ ដើម្បីដោះស្រាយអ្នកដែលទៅនៅលើដីរបស់ក្រុមហ៊ុន ដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងដោះស្រាយបណ្តើរៗហើយ ជាមួយគ្នានោះដែរ ក្រុមហ៊ុនបានបញ្ជាក់ថា ទាក់ទងអ្នកដែលបានប្តឹងលោកស្រី រស់ ពៅ គឺ មិនមានសិទ្ធអ្វីទេ ព្រោះថាដីនេះ ជាដីរបស់ក្រុមហ៊ុន។
ជុំវិញបញ្ហានេះ ភ្នាក់ងារយើងមិនអាចសុំការពន្យល់ណាមួយពីលោក ឡុង សំណាង និងអ្នកពាក់ព័ន្ធផ្សេងៗទៀតបានទេ រហូតមកដល់ពេលនេះ តែទោះជាយ៉ាងនេះក្តី ភ្នាក់ងារយើងរង់ចាំការបកស្រាយរាល់ម៉ោងធ្វើការ៕
ដោយ ៖ សម្បត្តិ សីហា