កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បើកវគ្គហ្វឹកហ្វឺន​ប្រចាំឆមាស១​ ឆ្នាំ២០២៤​

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១១​ ខែមីនា​ ឆ្នាំ២០២៤​ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកវគ្គហ្វឹកហ្វឺន​ប្រចាំឆមាស១​ ឆ្នាំ២០២៤​ ជូនដល់កងកម្លាំងនៃកងរាជអាវុធហត្ថ​ខេត្ត​ និងកម្លាំងនគរបាល​ នៃស្នងការស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ​ ។

ពិធីនេះប្រព្រឹត្តទៅក្រោមការចូលរួមពី​សំណាក់លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងអស់លោក-លោកស្រីមេបញ្ជាការរង​ លោកនាយសេនាធិការរង​ លោកស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរ​ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុកទាំង៩​ និងសិក្ខាកាម កងរាជអាវុធហត្ថ និងសិក្ខាកាមនគរបាល​ យោធាចារ្យមកពីកងពលតូចថ្មេីរជេីង៥១​ សរុបចំនួន១៤៨នាក់​ (ក្នុងនោះសិក្ខាកាម១១៣​នាក់​ (គ្រូយោធាចារ្យក្បាច់គុណកងយោធពលខេមរភូមិន្ទ០៧នាក់)​ ដែលប្រារព្ធធ្វេីឡេីងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

នាឱកាសនោះ​លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ បានលេីកឡេីងថា​ ការងារហ្វឹកហ្វឺនរៀនសូត្រ គឺជាកិច្ចការចាំបាច់ ដែលត្រូវអនុវត្តជាប្រចាំដើម្បីពង្រឹង និងពង្រីកនូវសមត្ថភាព នៃការយល់ដឹងដល់កងកម្លាំង​ ជាពិសេសយើងជាកម្លាំងអាវុធហត្ថ យើងជាកម្លាំងនគរបាល ត្រូវមានកាយសម្បទារឹងមាំ និងមានចំណេះដឹងផ្នែកវិជ្ជាជីវៈ។​

ជាមួយគ្នានោះលោកឧត្ដមសេនីយ៍មេបញ្ជាការ​ ក៏បានដាក់ចេញនូវចំណុចការងារមួយចំនួនដល់សិក្ខាកាម​ ដូចជា ៖ ១.សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ គោរពពេលវេលា រៀនសូត្រ ស្តាប់ការឧទ្ទេសនាម និងការបង្ហាត់បង្ហាញពីយោធាចារ្យ,​ ២.ត្រូវខិតខំហ្វឹកហាត់រៀនសូត្រ លើមុខជំនាញ ដើម្បីលើកកម្ពស់កម្រិតសមត្ថភាព ការយល់ដឹង ក្នុងការបំពេញការងារនាពេលអនាគតឱ្យបានកាន់តែល្អប្រសើ ,​ ៣.សូមឱ្យយោធាចារ្យទាំងអស់ យកអស់ចំណេះដឹង សមត្ថភាពដែលខ្លួនមាន ផ្តល់ជូន សិក្ខាកាមក្នុងវគ្គហ្វឹកហ្វឺន សំដៅធ្វើយ៉ាងណាក្នុងគោលបំណង បង្កើនសមត្ថភាព បង្កើនចំណេះដឹង ជូនដល់សិក្ខាកាម,​ ៤.ត្រូវយកចិត្តទុកដាក់ថែរក្សា មធ្យោបាយ ឧបករណ៍ បរិក្ខារ គ្រឿងបំពាក់ លើកកម្ពស់ ស្មារតីសន្សំសំចៃ ប្រឆាំងភាពខ្ជះខ្ជាយ ពិសេសលើកកម្ពស់មនសិការចូលរួមអនុវត្តទិសស្លោករបស់លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួយគិត ជួយធ្វើ នឹងរួមគ្នាទទួលខុសត្រូវ តាមតួនាទី ភារកិច្ចរៀងៗខ្លួន,​៥.អនុវត្តម៉ឹងម៉ាត់ បទបញ្ជា គោរពវិន័យ ឋានានុក្រម នៃកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ និងការគោរពច្បាប់របស់រដ្ឋ,៦. ត្រៀមកម្លាំង មធ្យោបាយ យុទ្ធោបករណ៍ សម្ភារៈសឹក ត្រៀមអនុវត្តបទបញ្ជា និងអន្តរាគមន៍ក្នុងកិច្ចការពារសន្តិសុខសង្គម រក្សាសណ្តាប់ធ្នាប់សាធារណៈ ជួយសង្គ្រោះពលរដ្ឋ នូវគ្រប់ហេតុការណ៍ និងគ្រោះមហន្តរាយផ្សេងៗ,​ ៧.ត្រៀមរៀបចំកម្លាំង មធ្យោបាយ សម្ភារៈ សហការការពារសន្តិសុខ រក្សាសុវត្ថិភាព ដំណើរការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខឱ្យមានភាពល្អប្រសើ ។

លោកអនុសេនីយ៍ឯក កែម ចាន់រស្មី នាយការិយាល័យផែនការហ្វឹកហ្វឺន កងរាជអាវុធហត្ថខេត្ត និងជាគ្រូសភាចារ្យក្នុងវគ្គហ្វឹកហ្វឺន​ បានបញ្ជាក់ថា​ វគ្គហ្វឹកហ្វឺននេះមានរយៈពេល ៤៥ថ្ងៃ​ (ចាប់ពីថ្ងៃទី១១ ខែមីនា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤) ដោយផ្តោតសំខាន់ចំនួន៦មេរៀនរួមមាន​ ១-លំហាត់របៀបជួរទ័ព,​ ២-ប្រឆាំភេរវកម្ម វិធីសាស្រ្តបង្ក្រាបជនល្មើស,​ ៣-ការរក្សាសណ្តាប់ធ្នាប់,​ ៤-ក្រមនីតិវិធីព្រហ្មទណ្ឌ,​ ៥-បាញ់គ្រាប់ពិត​ និងទី៦-ក្បាច់គុណកងយោធពលខេមរភូមិន្ទ៕

CATEGORIES
Share This