មេឃុំឈ្នួមានជ័យ ជីកប្រឡាយស្ថាបនាផ្លូវ ដើម្បីទាក់ទាក់ភ្ញៀវទេសចរណ៍ ជិះទូកកាណូទៅទស្សនាតំបន់សត្វស្លាប រាប់មុឺនក្បាល

បន្ទាយមានជ័យ ៖ ដើម្បីទាក់ទាក់អោយភ្ញៀវទេសចរណ៍ទៅទស្សនាសហគមន៍ តំបន់ការពារធម្មជាតិទេសចរណ៍រហាលកេះ (អាវៀង) ដែលសំបូរសត្វស្លាបរាប់មុឺនក្បាលហោះហើរលើវេហា និងចូលទ្រនំទំលើមែកឈើនាពេលរសៀល នៅរដូវវស្សាបាន ខណៈបច្ចុប្បន្នតំបន់ទេសចរណ៍មួយនេះ នៅមិនឆ្ងាយពីទីរួមខេត្តបន្ទាយមានជ័យ ប្រមាណជា២៣គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំឈ្នួមានជ័យ ស្រុកព្រះនេត្រព្រះ ជាប់និងក្រុងសិរីសោភ័ណ មិនអាចធ្វើដំណើរបាន នារដូវវស្សា ទើបអាជ្ញាធរឃុំឈ្នួមានជ័យ បានខិតខំរកដៃគូមកអភិឌ្ឍន៍ជីកប្រឡាយ ស្ថាបនាផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦A ដែលជាផ្លូវទេសចរណ៍ដ៏សំខាន់ ទៅកាន់តំបន់ទេសចរណ៍រហាលកេះខាងលើ តាមរយៈជិះទូក កាណូត នារដូវវស្សា ទឹកលិច។

តាមរយៈការផ្តល់បទសម្ភាសពីលោក ខុង ប៊ុន មេឃុំឈ្នួមានជ័យ ដល់អ្នកយកព័ត៌មានយើង កាលពីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ បានអោយដឹងថា ជាកិច្ចផ្តួចផ្តើមរបស់លោក នៅដើមឆ្នាំ២០២៤នេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍និងជាប្រយោជន៍សម្រាបកសិករ បានទឹកស្រោចស្របដំំណាំកសិកម្ម ឃុំបានធ្វើគម្រោងចំនួន២ គឺ ជីកប្រឡាយប្រវែងជាង៨គីឡូម៉ែត្រ ទៅទល់នឹងបឹងអភិរក្សរហាលកេះ ដើម្បីអោយភ្ញៀវទេសចរណ៍អាចទៅកំសាន្តលេងនារដូវវស្សា និងមួយទៀត គឺ ការលើកផ្លូវប្រវែងជាងបីគីឡូម៉ែត្រ តភ្ជាប់ពីផ្លូវភូមិរពាក់ ដែលភ្ជាប់ពីផ្លូវជាតិលេខ៦A ទៅដល់តំបន់សត្វស្លាប។

តាមការរំពឹងទុកក្រោយជីកប្រឡាយ និងស្ថាបនាផ្លូវនៅខែមេសាខាងមុខ ដែលជារដូវបុណ្យចូលឆ្នាំប្រពៃណីជាតិ នឹងមានភ្ញៀវទេសចរណ៍មកកំសាន្តច្រើនហើយរហូតដល់ខែវស្សា ក៏នៅតែមានភ្ញៀវមកកំសាន្តលេងតាមរយៈការជិះទូកកាណូត ដោយបច្ចុប្បន្នចាប់ពីចុងខែមករាមក ជាពីសេសរៀងរាល់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ មានភ្ញៀវមកកំសាន្តលេងចន្លោះពី២០០ទៅ៣០០នាក់ធ្វើដំណើរតតាមម៉ូតូ រថយន្តកគ្រប់ប្រភេទ តាមផ្លូវគោកលើផ្លូវខ្នងប្រឡាយ រួចកាត់វាលស្រែទៅកាន់ ទីនោះ ។ភ្ញៀវបានអង្គុយមើលថ្ងៃលិច មើលសត្វស្វាបហើរចូលទ្រនំ រាប់ម៉ឺនសែនក្បាល នៅវេលាចាប់ពីម៉ោង ៥ ទៅម៉ោង៦ល្ងាច ។ ក្រៅពីនេះភ្ញៀវទេសចរណ៍ក៏អាចជិះទូកលេងលើផ្ទៃបឹង មើលការនេសាទត្រី ជាលក្ខណៈគ្រួសារនិងអាចទស្សនាការដាំផ្លែឪឡឹក ឬក៏ទិញបរិភោគភ្លាមៗនៅនឹងចំការ។

តាមអាជ្ញាធរប្រវត្តិតំបន់នេះ វាជាទំនប់ស្ទាក់បំបែក និងបង្វែរទឹកនៃប្រព័ន្ធធារាសាស្ត្រ ដែលកសាងឡើងក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-៧៩ ) ។ តំបន់រហាលកេះនេះ មានផ្ទៃដីទឹក និងព្រៃលិចទឹក ទំហំ ២៨ហិកតា ។ មានសត្វស្លាបបានកើនចំនួនជិត ១០ ប្រភេទ។ រួមមានសត្វស្លាប ចង្គៀលខ្យង ក្អែកទឹក ស្មោញ ត្រយ៉ង ទាព្រៃ ទុងប្រផេះ ខ្វែកធំ ទោម ត្លុម មាន់ទឹក ជាដើម។ ក្រៅពីនោះ មានសត្វកុក យ៉ាងច្រើនដែរ ៕

CATEGORIES
Share This