សិស្សានុសិស្ស និងជនចាស់ជរា មានជីវភាពខ្វះខាតចំនួន ២០១នាក់ ទទួលបានអំណោយ មនុស្សធម៌ពីសប្បុរសជន

បាត់ដំបង ៖ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងជនចាស់ជរាមានជីវភាពខ្វះខាត សរុប២០១នាក់ នៅសាលាបឋមសិក្សាព្រែកឆ្តោ និងនៅភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទទួលបានអំណោយមនុស្សធម៌ ពីសប្បុរសជនដែលជាម្ចាស់ ក្រុមហ៊ុន លេងឡានផ្សារលើ២ និងធនាគារអាស៊ីកម្ពុជា ដែលមានការផ្តួចផ្តើមដោយលោក ហេង ដារ៉ា និងលោកស្រី ប៊ន់លី ពៅចិន្តា ម្ចាស់គម្រោងដីឡូត៍ DRD វីឡា ។

ក្នុងឱកាសជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងជនចាស់ជរាមានជីវភាពខ្វះខាតនាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤នេះដែរ ម្ចាស់ជំនួយដែលជាសប្បុរសជនទាំងអស់បានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំងដែលពួកគាត់បានចំណាយនូវថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីជួយដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ពិសេសជនចាស់ជរាដែលកំពុងជួបការលំបាក បើទោះបីជាអំណោយវាមានតិចតួចក៏ពិតមែន តែវាអាចជួយសម្រាលដល់បងប្អូនបានមួយគ្រាផងដែរ ។

ជាកិច្ចឆ្លើយតប សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងជនចាស់ជរាទាំងអស់បាន សម្តែងការសប្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនដែលជាម្ចាស់ជំនួយទាំងអស់ដែលតែងតែចំណាយពេលវេលានិងថវិកាផ្ទាល់ខ្លួនដើម្បីទិញនូវ សម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគចែកជូនដល់ពួកគាត់ ពិសេសគ្រួសារចាស់ជរាដែលជួបការលំបាកខ្វះខាតនាពេលនេះ ក៏ដូចរយះពេលកន្លងមក និងសូមជូនពរអោយសប្បុរសជនទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចំរើន និងសុខភាពល្អ ដើម្បីបន្តនាំយកអំណោយចែកជូនដល់ពួកគាត់ជាបន្តបន្ទាប់ទៀត ។

គួរបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូន ក្នុងនោះមាន សិស្សានុសិស្សចំនួន ១៤៦នាក់ លោកគ្រូ អ្នកគ្រូ ២០នាក់ ទទួលសម្ភារៈសិក្សា និងថវិកាមួយចំនួន ដោយឡែកជនចាស់ជរា ៣៥នាក់ក្នុងនោះម្នាក់ៗទទួលបាន ៖ អង្ក ,ទឹកត្រី ,ទឹកស៊ីអ៊ីវ ,ទឹកសុទ្ធ និងថវិការមួយចំនួន ព្រមទាំងបានហូបអាហារសាមគ្គីជុំគ្នាផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This