ពលករខ្មែរជាង៥០នាក់ ឆ្លងដែនត្រឡប់មកប្រទេសកម្ពុជាវិញ តាមច្រករបៀង ក្នុងស្រុកសំពៅលូន

បាត់ដំបង ៖ ពលករខ្មែរប្រុសស្រីប្រមាណជាង៥០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការពារព្រំដែន៨១៧ កម្លាំងយោធា៥៣៣ និងកម្លាំងយោធាវរ០១ ធ្វើការឃាត់ខ្លួន ក្រោយពួកគាត់លួចឆ្លងដែនពីប្រទេសថៃ ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ តាមច្រករបៀង នៅចំណុចក្រោយជំនោរជាយដែន ស្ថិតក្នុងភូមិគីឡ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

យោងតាមរបាយការណ៍ ពីសមត្ថកិច្ចការពារតាមបន្ទាត់ព្រំដែន បានបញ្ជាក់ថា ខណៈពេលដែលកម្លាំងកំពុងទទួលបទបញ្ជា ពង្រឹងក្នុងការទប់ស្កាត់បទល្មើសពិសេសពលករឆ្លងដែន នៅម៉ោងប្រហែល ១២យប់ ត្រូវនិងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ មានពលករខ្មែរទាំងប្រុសស្រីចំនួនជាង៥០នាក់ ក្នុងនោះមានក្មេងៗផង បានឆ្លងដែនចេញពីទឹកដីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ តាមច្រករបៀងក្នុងភូមិសាស្ត្រខាងលើ។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរៈសេនាតូចការពារព្រំដែនគោកលេខ ៨១៧ បានបញ្ជាក់ថា ពលករទាំងអស់ខាងលើ បន្ទាប់ពីឃាត់ខ្លួនសួរនាំរួចមក សមត្ថកិច្ចបានធ្វើការអប់រំណែនាំពន្យល់ដល់ពួកគាត់បញ្ឈប់នូវការចាញ់បោកមេខ្យល់ ដែលតែងតែធ្វើសកម្មភាពនាំបងប្អូនពលករឆ្លងដែនខុសច្បាប់ដែលអាចប្រឈមនឹងហានិភ័យដោយយថាហេតុណាមួយ រួចមកបានប្រគល់បន្តទៅអោយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីបន្តនីតិវិធី និងអោយពួកគាត់វិលត្រឡប់ទៅលំនៅដ្ឋានរៀងខ្លួនវិញផងដែរ ព្រោះពួកគាត់មួយចំនួនបានឆ្លងដែនមកដើម្បីជួបជុំបងប្អូន សាច់ញាតិ ចូលរួមក្នុងកម្មវិធីបុណ្យ ការ និងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ៕
ដោយ ៖ សាលី

CATEGORIES
Share This