ឯកឧត្តម សុខ លូ និងលោកជំទាវ ចុះប្រគល់ផ្ទះមនុស្សធម៌១ខ្នងជូនក្រុមគ្រួសារសិស្សនិទ្ទេសA នៅស្រុកសង្កែ

បាត់ដំបង! នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម សុខ លូ  អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ម៉េត រ៉ាវិចិត្រ សុខលូ អនុប្រធានកិត្តិយសសាខា អមដោយ ឯកឧត្តម លោកជំទាវលោក លោកស្រី គណៈកម្មាធិការសាខា អនុសាខាស្រុកសង្កែ ក្រុមកាកបាទក្រហមឃុំ អ្នកស្មគ្រ័ចិត្តនិងយុវជនកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះប្រគល់ផ្ទះ មនុស្សធម៌១ខ្នង ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ក្រុមគ្រួសារកញ្ញា ភាព ចាន់ធី អាយុ១៨ឆ្នាំ ជាសិស្សនិទ្ទេសAនៃវិទ្យាល័យសង្កែក្នុងឆ្នាំសិក្សា២០២២-២០២៣ ដែលមានឪពុកម្តាយជាអ្នកដាំបន្លែនិងលក់ដំឡូងចៀន មានបន្ទុកកូនចំនួន១០នាក់ ស្រី៧នាក់ក្នុងនោះបួសជាព្រះសង្ឃចំនួន២អង្គ ស្ថិតនៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។

លោក នាង ចន្ទថារ៉ា អភិបាលស្រុកនិងជាប្រធានអនុសាខាស្រុកសង្កែបានឲ្យដឹងថា ក្រុមគ្រួសារប្អូនស្រី ភាព ចាន់ធី មានជីវភាពទីទ័លក្រ មានបងប្អូនច្រើនក្នុងបន្ទុកក្រៅពីការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប័ណ្ណសមធម៌ប្អូនស្រីត្រូវឆ្លៀតពីកាសិក្សាត្រូវដើរលាងចានឆ្នាំងតាមរោងការគ្រាន់បានកម្រៃប្រចាំថ្ងៃ ដើម្បីចិញ្ចឹមគ្រួសារនិងរៀនសូត្ររហូតទទទួលបាននិទ្ទេសAក្នុងឆ្នាំសិក្សា២០២២-២០២៣កន្លងទៅនេះ ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានពាំនាំប្រសាសន៍ផ្តាំផ្ញើពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងបានចូលរួមត្រេកអរចំពោះក្រុមគ្រួសារប្អូនស្រី ភាព ចាន់ធី  ដែលទទួលបានទីជម្រកថ្មីដ៏សែនកក់ក្ដៅសម្រាប់ជ្រកកោនតទៅ ដើម្បីបានជាជម្រកបានជាម្លប់ដ៏កក់ក្តៅតរៀងទៅ។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានក្រើនរម្លឹកដល់ក្រុមគ្រួសារនិង អ៊ំពូមីង បងប្អូនទាំងអស់សូមថែរក្សាសុខភាពខ្លួន ប្រសិនបើបងប្អូននិងកូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ សូមប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ជាពិសេសនោះចំពោះសុខភាពកុមារ និងស្ត្រីមានផ្ទៃពោះ ព្រមទាំងមានការប្រុងប្រយ័ត្នចំពោះកុមារតូចៗ នៅក្នុងរដូវវស្សានេះ ដែលពោពេញទៅដោយទឹក នៅតាមស្ទឹង អូរ ប្រឡាយ ត្រពាំង ដើមី្បជៀសវាងកើតឡើងនូវប្រការអាក្រក់ណាមួយចំពោះក្រុមគ្រួសារបងប្អូន និងធ្វើអនាម័យបរិស្ថាននៅជុំវិញលំនៅដ្ឋាន និង បំបាត់ទីជម្រកមូសខ្លា ដែលជាភ្នាក់ងារជំងឺគ្រុនឈាមមកលើកុមារ ក៏ដូចមនុស្សគ្រប់វ័យផងដែរ។

ជាមួយគ្នានេះឯកឧត្តមបានថ្លែងកោតសសើរចំពោះ ប្អូនស្រី ភាព ចាន់ធី ទោះបីជាក្មួយមានជីវភាពក្រីក្រក៏ដោយ ក៏ក្មួយមានឆន្ទៈនិងទឹកចិត្តតស៊ូក្នុងការរៀនសូត្រ ជួយធ្វើការឪពុកម្តាយផង និងខិតខំប្រឹងប្រែងរៀនសូត្រផងរហូតប្រឡងបាននិទ្ទេស (A)និងទទួលបានអាហាររូបរករណ៍បន្តការសិក្សានៅរាធានីភ្នំពេញ ។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានគូសបញ្ជាក់ថា ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានមុំមួយ គឺផ្តោតទៅលើការអភិវឌ្ឍមូលធនមនុស្ស គឺធនធានមនុស្សដែលមានទាំងសមត្ថភាពខ្ពស់ ចំណេះដឹង ជំនាញច្បាស់លាស់ និងមានសុខភាពល្អ ហេតុដូចនេះ សូមក្មួយៗប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ភាពកត្តញ្ញូ និងបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ល្អរបស់ប្រទេសជាតិនាថ្ងៃអនាគត់។

សូមបញ្ជាក់ថា ផ្ទះលេខរៀងទី១២ដែលជាអំណោយរបស់សាខាខេត្តខាងលើនេះ ចំណាយថវិកា ៥.៥៥០ដុល្លារ (ប្រាំពាន់ប្រាំរយហាសិបដុល្លារអាមេរិក) មានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ២.៥ម៉ត្រ ផងដែរ។

ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះរួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី២កេស,ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ត្រីខ២យួរ, ទឹកបរិសុទ្ធ៤កេស និងថវិកា មួយចំនួនផងដែរ ។

CATEGORIES
Share This