ទូទាត់គំនុំចាស់ ម្នាក់ដេកពេទ្យ ម្នាក់ដេកគុក
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពប្រើពូថៅ កាប់ជនរងគ្រោះម្នាក់ បណ្តាលឲ្យរបួសធ្ងន់ដេកពេទ្យ ព្រោះសងសឹកគំនុំចាស់ ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា នៅវេលាម៉ោង១០ និង៤០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជា ជាក់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ នៅចំណុចក្រោយស្តង់៤២ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានប្រើពូថៅ កាប់ទៅលើជនរងគ្រោះឈ្មោះ សារឿន សែន ភេទប្រុស អាយុ៣៤ឆ្នាំ បណ្ដាលឱ្យរងរបួសធ្ងន់ ព្រោះគំនុំកាលពី ២ខែមុន ។
លោកបន្តថា ក្រោយឃាត់ខ្លួននិងសាកសួរ ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ៕