នគរបាលស្រុកសំឡូត នាំខ្លួនយុវជនម្នាក់ ក្រោយបង្ហោះវីដេអូរ ហើយសរសេរថា (នៅសំឡូតអាណាខ្លាំងចេញមកកាប់គ្នាមួយស្មេី)
បាត់ដំបង ៖ អនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស៊ុង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានចុះធ្វើការស្រាវជ្រាវនាំខ្លួនម្ចាស់ផេកហ្វេសប៊ុកម្នាក់ ឈ្មោះ Chhit ក្រោយបង្ហោះវីដេអូរ និងមានសរសេរថា (នៅសំឡូតអាណាខ្លាំងចេញមកកាប់គ្នាមួយស្មេី) ។
លោកវរសេនីយ៍ទោ ម៉ែន រីម បានបញ្ជាក់ថា ម្ចាស់ផេកដែលត្រូវបាននាំខ្លួនមានឈ្មោះ កែវ រ៉ាឈីត ភេទប្រុស អាយុ១៦ឆ្នាំ (រៀនថ្នាក់ទី៨A អនុវិទ្យាល័យសាមគ្គី) រស់នៅភូមិវរជ័យ ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដើម្បីយកមកសាកសួរ ហើយបន្ទាប់ពីសាកសួរ ឈ្មោះ កែវ រ៉ាឈីត បានឆ្លើយថាខ្លួនពិតជាបានផុសវីដេអូរ និងសរសេពាក្យទាំងនោះពិតប្រាកដមែន ដោយមានហ្វេសប៊ុកមិនចាំឈ្មោះមួយ បានឆាតមកខ្លួនឲ្យជួយផុស ដោយបានកោសកាតទូរស័ព្ទឲ្យខ្លួន1$ ដើម្បីផុស ចំណែកអ្នកដែលឲ្យខ្លួនផុសនោះ ខ្លួនមិនដែលបានស្គាល់នោះទេ ហើយក៏មិនដឹងរស់នៅទីណាដែរ ដោយខ្លួនបានលុបហ្វេសប៊ុក អ្នកដែលឲ្យផុសនោះចោលអស់ទើបខ្លួនមិនបានចាំ ។
ក្រោយពីកម្លាំងជំនាញធ្វើការសួរនាំរួចមក មន្ត្រីជំនាញបានឲ្យម្ចាស់ផេកឈ្មោះ កែវ រ៉ាឈីត ធ្វើការសុំទោស និងធ្វើកិច្ចសន្យាអប់រំ និងប្រគល់ឲ្យអាណាព្យាបាលយកទៅអប់រំបន្ត ហើយចំពោះករណីបង្ហោះបំពុលសង្គមខាងលើនេះ អធិការដ្ឋាននគរបាលស្រុកសំឡូត កំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យ មកផ្តន្ទាទោសតាមផ្លូវច្បាប់៕
ដោយ ៖ សាលី