ជនជាតិចិនមួយក្រុមស្រវឹងជោគ ជិះឡានទំនើប បុកទ្រូងផ្លូវ នៅក្រុងប៉ោយប៉ែត បង្កការខូចខាតយ៉ាងដំណំ

ប៉ោយប៉ែត ៖ ជនជាតិចិនមួយក្រុង មានគ្នា០៤នាក់ ជិះរថយន្តឡង់គ្រីសឺ សេរីទំនើប ក្នុងស្ថានភាពស្រវឹងជោគជាំ បានបើកបុករនាំងពុះចែកទ្រូងផ្លូវ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះ កើតឡើងកាលពីរសៀលម៉ោង២ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវចូលផ្សារអគ្គខាងលិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តម៉ាកឡង់គ្រីសឺ ពណ៌ខ្មៅ សេរីទំនើប ១គ្រឿង ពាក់ស្លាកលេខ កម្ពុជា R.S.1206 បើកបរដោយបុរសជាជនជាតិចិន និងអ្នករួមដំណើរជាជនជាតិចិន ចំនួន៣នាក់ផ្សេងទៀត ក្នុងស្ថានភាពស្រវឹងជោគជាំ ពីលិចទៅកើតយ៉ាងលឿន លុះដល់ចំណុចកើតហេតុ បានទៅបុករនាំងបេតុង ពុះចែកទ្រូងផ្លូវរបស់សាលាក្រុងប៉ោយប៉ែត បណ្តាលឲ្យដាច់ជា ៣-៤ កំណាត់ និងខ្ទេចមុខរថយន្ត ដាច់កង់ផ្នែកមុខខាងឆ្វេង និងធ្លាយកង់មុខខាងស្តាំ ហើយរថយន្តព្យាយាមបើកបន្តទៅមុនប្រហែល ២០០ម៉ែត្រ ទើបទៅមុខលែងរួច ។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ នាំយកជនជាតិចិនទាំង៤នាក់ និងរថយន្ត ទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕
ដោយ ៖ លី គឹមហាក់

CATEGORIES
Share This