ជនជាតិថៃ ២នាក់ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

បន្ទាយមានជ័យ ៖ ជនសង្ស័យជាជនជាតិថៃ ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។

លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ ជនសង្ស័យខាងលើ មានឈ្មោះ សាន់ទិ យិនមែន ហៅ​នួត ភេទប្រុស ជនជាតិថៃ​ អាយុ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្នស្រុកតាផៃយ៉ា ខេត្តស្រះកែវ ប្រទេសថៃ (រក្សាទុក),​ និងឈ្មោះ ឆៃវ៉ាត់ ឈុមសាល ហៅ ណាត់ ភេទប្រុស ជនជាតិថៃ​ អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបន្តថា ទាំង២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ ជាមេបញ្ជាក្រុង ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង០២ និង៣០នាទី ថ្ងៃទី០៣​ ខែមីនា​ ឆ្នាំ២០២៤ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាមួយវត្ថុតាងមួយចំនួន ដូចជា ៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (ICE) ចំនួន ០៥កូនថង់កិប ទម្ងន់ ២,៣៩ក្រាម,​ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូល ពណ៌ក្រហមក្បឿង (WY) ចំនួន១១កូនថង់កិប ស្មើនឹង៧៨គ្រាប់ ទម្ងន់ ១០,៦៥ក្រាម, ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដា Zoomer-X ពណ៌ស-ស្វាយ ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ1GY-3126,​ ទូរស័ព្ទ ចំនួន០២គ្រឿង (ម៉ាកOPPO A57 ពណ៌ខ្មៅ បែកអេក្រង់, ម៉ាកIPhone7 ពណ៌ផ្កាឈូក),​ នាឡិកាដៃ ចំនួន ០១គ្រឿង,​ ចិញ្ចៀនលោហធាតុពណ៌លឿង ចំនួន ០១វង់,​ កាបូបស្ពាយ ចំនួន ០១,​និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ៕

CATEGORIES
Share This