នគរបាល ចុះឃាត់រថយន្តធុនធំ០១គ្រឿង ក្រោយបំពានចូលក្រុង ល្មើសលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្ត

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤​នេះ កម្លាំងជំនាញនគរបាលចរាចរណ៍ផ្លូវគោក ដែលដឹកនាំដោយលោក​វរសេនីយ៍ឯក​ ចាន់​ សុធី​ ជានាយការិយាល័យ បានបន្តចុះប្រតិបត្តិការឃាត់រថយន្តធុនធំ០១គ្រឿងបន្ថែមទៀត ដើម្បីចាត់ការតាមនីតិវិធីក្រោយពិនិត្យឃើញថា បានបេីកដឹកទំនិញចូលក្នុងក្រុងល្មើសទៅនិងលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្ត។

លោកវរសេនីយ៍ទោ អ៊ុន សុភាព នាយរងការិយាល័យចរាចរណ៍ផ្លូវគោក បានអោយដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងយោងតាមលិខិតជូនដំណឹងលេខ ១​៣៧​២/២២ សជណ ចុះថ្ងៃទី០​២ ខែ​ឧ​សភា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង ស្តីពីការបញ្ឈប់រថយន្តដឹកជញ្ជូនធុនធ្ងន់ ចូល​មកក្រុងបាត់​ដំបង និងផ្លាស់ប្តូរទី​តាំ​ងឃ្លាំងស្តុកទំនិញទៅនៅក្រៅក្រុងបាត់ដំបង​ ដើម្បីចូលរូមរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាពសាធារណៈ និងការពារថែរក្សាផ្លូវថ្នល់ឱ្យបានយូរអង្វែង ។

លោកបានបញ្ជាក់ថា យោងតាមខ្លឹមសាររបស់រដ្ឋបាលខេត្ត កន្លងមកមានបងប្អូនអាជីវករ ពាណិជ្ជករ និងអ្នកប្រកបអាជីវកម្មផ្សេងៗ បានធ្វើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចូលទៅក្នុងក្រុងបាត់ដំបង បណ្តាលឱ្យខូចខាតផ្លូវថ្នល់ និងរងមតិរិះគន់មកលើអាជ្ញាធរមានសមត្ថកិច្ច ពុំបានធ្វើការទប់ស្កាត់ ឬធ្វើការហាមឃាត់ទៅលើការដឹកជញ្ជូនរថយន្តធុនធ្ងន់ទាំងនោះ ហេតុនេះរដ្ឋបាលខេត្តមានវិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់នូវរាល់ការដឹកជញ្ជូនរថយន្តធុនធ្ងន់ចូលមកក្នុងក្រុងបាត់ដំបង  ហើយម្ចាស់ឃ្លាំងស្តុកទំនិញពុំទាន់បានប្តូរទីតាំងទៅផ្លូវវាងក្រុង ស្នើឱ្យមានការផ្ទេរទំនិញ ពីរថយន្តធុនធ្ងន់មករថយន្តតូចៗ និងហាមឃាត់រថយន្តធុនធ្ងន់គ្រប់ភេទដែលមានទម្ងន់លើសពី ១៦តោន (ទម្ងន់សរុប) ធ្វើចរាចរណ៍ក្នុងក្រុងបាត់ដំបងផងដែរ ៕
ដោយ ៖ សាលី

CATEGORIES
Share This