រដ្ឋបាលខេត្តប៉ៃលិន ធ្វើពិធីអបអរសាទរ អនុវិទ្យាល័យភ្នំយ៉ាត ទទួលជ័យលាភីចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស
ប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានធ្វើពិធីអបអរសាទរ អនុវិទ្យាល័យភ្នំយ៉ាត បានទទួលជ័យលាភីចំណាត់ថ្នាក់លេខ១ សម្រាប់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំប្រចាំឆ្នាំ២០២៣ ទូទាំងព្រះរាជាណាចក្រកម្ពុជាដោយមានពិធីហែរក្បួន ក្រោមការអបអសាទរពីប្រជាពលរដ្ឋ សិស្សានុសិស្ស មន្រ្តីរាជការយ៉ាងគគ្រឹកគគ្រេង។
ពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឯកឧត្តន អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការវាយតម្លៃ អង្គភាពផ្តល់សេវាសាធារណៈគំរូខេត្ត ។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល គឺក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ តាមរយៈផ្តល់ការលើកទឹកចិត្ត ដែលទទួលស្គាល់ពីរាជរដ្ឋាភិបាល និងផ្តល់រង្វាន់លើកទឹកចិត្តជាថវិកា ហើយការកសាង និងពង្រីកភាពជាគំរូនេះ ចាប់ផ្តើមពីវិស័យអាទិភាពគន្លឹះចំនួនពីរ គឺ អប់រំ និងសុខាភិបាល ដែលត្រូវបានដាក់ឱ្យអនុវត្តនាឆ្នាំ២០១៨ ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ហើយត្រូវបានបន្តផ្តល់ការយកចិត្តទុកដាក់ និងជំរុញបន្ថែមកាន់តែខ្លាំងដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្ននេះ។
លោកជំទាវអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ បានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណផ្តោតលើការកែលម្អអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប តាមរយៈការដាក់ចេញនូវកិច្ចការអាទិភាពមួយចំនួន រួមមាន ការពង្រឹង និងការកែទម្រង់ស្ថាប័នដោយខិតខំកសាងរដ្ឋបាលសាធារណៈ ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដោយការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ ។
ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងលោកគ្រូ អ្នកគ្រូ នៅអនុវិទ្យាល័យភ្នំយ៉ាតទាំងអស់ ដែលបានខិតខំយកកិត្តិយសដ៏ឧត្តុងឧត្តមជូនខេត្ត និងលើកកំពស់កិត្យានុពលវិស័យអប់រំ យុវជន និងកីឡាក្នុងខេត្ត ដូច្នេះយើងត្រូវរួមគ្នាប្រឹងប្រែងទាមទារឲ្យវិស័យផ្សេងៗទៀត បង្កើនការយកចិត្តទុកដាក់បន្តទៅមុខទៀត ពីព្រោះថា ការប្រលងប្រណាំងនេះ គឺដើម្បីបង្កើននូវប្រសិទ្ធភាព និងគុណភាព នៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ៕