ឯកឧត្ដម អ៊ី ឈាន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យមាឃបូជា នៅវត្ដរតនសោភ័ណ

ប៉ៃលិន ៖ ឯកឧត្ដម អ៊ី ឈាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន កាលពីរាត្រីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យមាឃបូជា នៅវត្ដរតនសោភ័ណ (ហៅវត្តកោងកាង) និងមានការអញ្ជើញចូលរួមពីក្រុមការងារ គណៈអភិបាលខេត្ត មន្ត្រីរាជការ គ្រប់បណ្តាមន្ទីរ អង្គភាព តាជី យាយជី ពុទ្ធបរិស័ទជិតឆ្ងាយផងដែរ។

ពិធីនេះបានប្រារព្ធតាមគន្លងពុទ្ធប្បវេណី ដើម្បីរលឹកដល់ព្រឹត្តិការណ៍សំខាន់ៗបីយ៉ាង ៖ ទី១ រំលឹកដល់ថ្ងៃនៃការប្រជុំចតុរង្គសន្និបាត ព្រះអរហន្ត ១២៥០អង្គដែលប្រព្រឹត្តទៅនាថ្ងៃពេញបូរមី ក្នុងឆ្នាំរកាមុន ពុទ្ធសករាជ៤៤ឆ្នាំ ដែលជាថ្ងៃនក្ខត្តឬក្សធំមួយ របស់ព្រះសក្យមុនីគោតមបរមគ្រូនៃយើង ដែលសន្និបាតបែបនេះមានតែម្តងគត់នាសម័យពុទ្ធកាល ពុទ្ធសាវ័ក ដែលនិមន្តចូលរួមចតុរង្គសន្និបាត គ្មានការណាត់ជាមុនឡើយ។ ទី២ រំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាអម្ចាស់ប្រកាសដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារ ប្រព្រឹត្តទៅនាថ្ងៃពេញបូរមី ខែមាឃជាថ្ងៃអភិលក្ខិតកាលដ៏ធំមួយទៀត នៅមុនពុទ្ធសករាជ៣ខែ សម័យនោះព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រជុំសាវ័កហើយប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ។ ទី៣ រំលឹកដល់ព្រះសព្វញ្ញុតញ្ញាណ សំដែងព្រះឱវាទបាតិមោក្ខដែលខ្លឹមសារក្នុងឱវាទមោក្ខបំព្រួញឱ្យខ្លីគឺ”សព្វបាបស្ស អករណំ កុសលស្សូបសម្បទា សចិត្តបរិយោទបនំ មានន័យថា កិរិយាមិនធ្វើនូវ អំពើបាប ទាំងពួង កិរិយាបំពេញ តែបុណ្យកុសល និងជម្រះចិត្តឱ្យស្អាតផូរផង់ “៕

CATEGORIES
Share This