ហ៊ានណាស់! ឃាត់ខ្លួនយុវជនម្នាក់ ក្នុងពន្ធនាគារ ក្រោយយកគ្រឿងញៀន ចូលសួរសុខទុក្ខអ្នកទោស

កំពង់ស្ពឺ ៖ យុវជនម្នាក់ ត្រូវបានកម្លាំងអនុរក្សពន្ធនាគារខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួន ក្រោយរកឃើញគ្រឿងញៀន១១កញ្ចប់ ពេលចូលសួរសុខទុក្ខទណ្ឌិត។

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៤ និង២០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ។

យោងតាមសម្តីរបស់មន្ត្រីអនុរក្សពន្ធនាគារខេត្តកំពង់ស្ពឺបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉ាន់ យូរី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងភូមិចំការរត្ន័ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យត្រូវបានឃាត់ខ្លួន បន្ទាប់ពីឆែកឆេររកឃើញគ្រឿងញៀនចំនួន១១កញ្ចប់ ពេលដែលជនសង្ស័យចូលសួរសុខទុក្ខទណ្ឌិតឈ្មោះ ស៊ិន សុខុម ដែលជាប់ទោសពីបទរក្សាទុក និងជួញដូរគ្រឿងញៀន។

មន្ត្រីអនុរក្សពន្ធនាគារ បានបន្ថែមទៀតថា ជនសង្ស័យដែលបានឃាត់ខ្លួន ធ្លាប់ជាទណ្ឌិតជាប់ពន្ធនាគារខេត្តកំពង់ស្ពឺ ចំនួន២ឆ្នាំ ពីបទ រក្សាទុកនិងជួញដូរគ្រឿងញៀន។ ពេលជនសង្ស័យចូលមកសុំជួប និងសួរសុខទុក្ខទណ្ឌិតខាងលើ ដោយសង្ស័យមន្ត្រីអនុរក្សក៏បានសុំឆែកឆេរខ្លួន ក៏រកឃើញគ្រឿងញៀន ដែលដាក់ជាប់ខ្លួនតែម្តង។ ក្រោយរកឃើញ មន្ត្រីអនុរក្សក៏បានរាយការណ៍ និងសុំឱ្យមន្ត្រីនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នាំខ្លួននិងចាត់ការបន្តតាមនីតិវិធី។

ជាមួយនិងការចាប់ខ្លួនជនសង្ស័យគ្រឿងញៀននេះដែរ មតិមហាជន បានដាក់ការសង្ស័យថា តើជនសង្ស័យនាំចូលទៅក្នុងពន្ធនាគារ ដើម្បីចែកចាយក្នុងនោះ ឬដើម្បីឱ្យទណ្ឌិតប្រើប្រាស់ និងប៉ុន្មានដងហើយ ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This