ជនជាតិចិន០២នាក់ ត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជាមួយកាំភ្លើងជាច្រើនដើម និងថ្នាំញៀនមួយចំនួន
បន្ទាយមានជ័យ ៖ ជនសង្ស័យជាជនជាតិចិន ចំនួន០២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន ជាមួយកាំភ្លើងវែងខ្លីជាច្រើនដើម និងថ្នាំញៀនមួយចំនួន ក្រោយប្រើហិង្សាវាយគម្រាមបុរសជនជាតិចិនដូចគ្នា ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ហ័ង ពូ ហៅ អាហៃ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អំពីករណី ហិង្សាដោយចេតនា ដែលប្រព្រឹត្តកាលវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ នៅចំណុចបុរីដឺផាកស៊ីធី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្រោយទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួមមាន ៖ ១-ឈ្មោះ ជា ជីនហ្គ័រ ហៅកាំង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន បច្ចុប្បន្ន ស្នាក់នៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២-ឈ្មោះ លី អ៊ីនឈុន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការដកហូតនូវវត្ថុតាងមួយចំនួន ដូចជា ៖ អាវុធខ្លីចំនួន០៣ដើម ក្នុងនោះមានអាវុធម៉ាក G Lock 19 លេខBGDV859 ចំនួន០១ដើម, អាវុធម៉ាក ANSAR 17 លេខ2203516 ចំនួន០១ដើម, អាវុធម៉ាក G LOCK 17 លេខ2300617 ចំនួន០១ដើម, និងអាវុធវែងចំនួន០១ដើម ម៉ាក ESCORT MAGNUM លេខ5760359 ចំនួន០១ដើម និងគ្រាប់ចំនួន០២គ្រាប់, បង់អាវុធចំនួន០៣, ដំបងឆក់ ចំនួន០១ដើម, គ្រាប់អាវុធខ្លីចំនួន៦០គ្រាប់, ខ្នោះដៃចំនួន២គូរ, គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន០៦កូនថង់កិប ស្មើនឹងទម្ងន់១២,៥៦ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូល ពណ៌ក្រហមក្បឿង(WY)ចំនួន០១ថង់កិប ស្មើនឹង១៩៦គ្រាប់ ទម្ងន់២១,៥៩ក្រាម, គ្រឿងញៀនប្រភេទម្សៅពណ៌ស(កេតាមីន)ចំនួន០១កូនថង់កិប ទម្ងន់០,៦៦ក្រាម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀ និងប័ណ្ណសំគាល់ខ្លួនជាច្រើនទៀត។
លោកបន្តថា ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យទាំង២នាក់ បានសារភាពថា កាលពីមួយឆ្នាំមុន ថៅកែរបស់ខ្លួនបានប្រគល់កាំភ្លើងខ្លីចំនួន០២ដើម និងកាំភ្លើងវែងចំនួន០១ដើម ព្រមទាំងគ្រាប់កាំភ្លើងមួយចំនួន ទុកសម្រាប់ការពារក្នុងហាង អេផ្លាស ហើយរូបខ្លួនបានយកកាំភ្លើងនោះមករក្សាទុកក្នុងបន្ទប់របស់ខ្លួនជួលស្នាក់នៅ។ បន្ទាប់មកនៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ ពួកខ្លួនខឹងនឹងឈ្មោះ ហ័ង ពូ ហៅអាហៃ ដោយពួកខ្លួនខ្ចីប្រាក់មិនបានទើបប្រើប្រាស់អាវុធវាយគំរាម អាហៃ និងប្រពន្ធរបស់វា ពិតប្រាកដមែន ចំណែកគ្រឿងញៀនដែលសម្ថកិច្ចដកហូតខាងលើ គឺពួកគេទិញមកសម្រាប់ប្រើប្រាស់ខ្លួនឯងតែប៉ុណ្ណោះ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ក្រោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ជនសង្ស័យទាំង២នាក់ ខាងលើ រួមនឹងវត្ថុតាង ត្រូវកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕