ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រគល់ទទួលកុំព្យូទ័រ ដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ អគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានប្រគល់កុំព្យូទ័រជាច្រើនគ្រឿង ដល់រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ព្រមទាំងពិភាក្សាការងារ ស្ដីពី ការវិភាគ  SWOT និងគេហទំព័ររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

កិច្ចប្រជុំនេះ ធ្វើឡើង ដើម្បីកំណត់អំពីសក្ដានុពល និងបញ្ហាប្រឈម ក្នុងកិច្ចអភិវឌ្ឍរបស់ខេត្តបន្ទាយមានជ័យ ក្នុងនោះបានផ្ដោតទៅលើចំណុចសំខាន់ ៗ មួយចំនួន ដូចជា ៖ ព័ត៌មានទូទៅវិស័យកសិកម្ម កម្សាន្ត  និងសកម្មភាព ក្នុងវិស័យសេវាកម្មវិស័យទេសចរណ៍  វិស័យហិរញ្ញវត្ថុ វិស័យសុខាភិបាល  និងវិស័យអប់រំ ។

លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ  បានមានប្រសាសន៍ថា  ទោះជាក្នុងស្ថានភាពដែលកម្ពុជា កំពុងទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីការរីករាលដាល  នៃជំងឺកូវីដ១៩ ក្នុងរយៈកាលប្រហែលជាងពីរឆ្នាំមកនេះ  កម្មវិធីកំណែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ  បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក ទ្រទ្រង់ស្ថានភាពសេដ្ឋកិច្ច មិនឲ្យធ្លាក់ចុះខ្លាំង   ព្រមទាំងនៅបន្តដំណើរ ទៅមុខក្នុងការពុះពារឧបសគ្គ ដើម្បីធានាបាននូវការសម្រេចគោលដៅ និងចក្ខុវិស័យចុងក្រោយរបស់រាជរដ្ឋាភិបាល ។

ឯកឧត្ដម  យ៉េន វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា  ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងម៉ឺងម៉ារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅកម្ពុជា រក្សាបាននូវភាពល្អប្រសើរ  ដែលឆ្លុះបញ្ចាំងតាមរយៈការធានាបាននូវសេរីភាព  នៃការប្រមូលចំណូលជារួម មិនឲ្យធ្លាក់ចុះខ្លាំង  និងការវិភាគលើកឡើងវិញនូវចំណូលចំណាយប្រចាំឆ្នាំ ។ រាជរដ្ឋាភិបាលមានសមត្ថភាព  អាចគ្រប់គ្រងសភាពការណ៍ វិវត្តនៃជំងឺកូវីដ១៩ បានល្អប្រសើរ  រួមនិងគំនិតថ្មីៗ ដោយផ្អែកលើមូលដ្ឋានគ្រឹះរឹងមាំ  នៃសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ ដែលយើងខិតខំកសាងក្នុងរយៈកាលជាង២ ទសវត្សរ៍  រួមជាមួយនឹងការចូលរួមយ៉ាងសកម្មរបស់ដៃគូអភិវឌ្ឍន៍វិស័យឯកជន និងអង្គការនិងសង្គមស៊ីវិលផ្សេងៗ ៕

CATEGORIES
Share This