ឧ​ត្ត​ម​សេនីយ៍​ឯកផ្កាយ​៣ ហួត ឈាង​អន បម្រើការ​នៅ​អង្គភាព«​ង​៧០» ត្រូវ​ប្រជាពលរដ្ឋ​ប្តឹង​ពីបទ​រំលោភ​ដី ធ្វើ​អាជីវកម្ម​រ៉ែ​មាស

376

ព្រះវិហារ ៖ បែកធ្លាយ​ឯកសារ​​ពាក្យបណ្ដឹង​ប្រជាពលរដ្ឋប្ដឹង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ផ្កាយ​៣ ហួត ឈាង​អន ជា​យោធា បម្រើការ​នៅ​អង្គភាព​កងពល​តូ​ចលេ​ខ​៧០ ឬ ​ហៅថា «​ង​៧០» ថា បាន​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ ២​ប្លង់ ទំហំ​សរុប ១២៨.៤៧១ ម៉ែត្រការ៉េ ស្ថិត នៅ​ភូមិ​ត្រពាំង​ទទឹម ឃុំ​រម​ខម ស្រុក​រវៀង ខេត្តព្រះវិហារ​។

​ប្រជាពលរដ្ឋ លើកឡើងថា ឯកឧត្តម ​ឧ​ត្ត​ម​សេនីយ៍ ផ្កាយ​៣ ហួត ឈាង​អន យក​ដី​នោះ កាន់កាប់ ធ្វើ​អាជីវកម្ម​រ៉ែ​មាស​។ បណ្តឹង​លើ​លោក​ផ្កាយ​៣ ហួត ឈាង​អន ត្រូវបាន​ដាក់ចូល​តុលាការខេត្ត​ព្រះវិហារ​ហើយ កាលពី​ខែសីហា ឆ្នាំ​២០១៨​។​

​ក្នុង​ពាក្យបណ្តឹង ឈ្មោះ ផាន់ វុទ្ធី កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨ បាន​ជម្រាបជូន​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តព្រះវិហារ ដោយ​ប្តឹង​ឈ្មោះ ហួត ឈាង​អន​។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហួត ឈាង​អន ត្រូវបាន​ឈ្មោះ ផាន់ វុទ្ធី ប្រាប់​តុលាការ​ថា បាន​រំលោភ​កាន់កាប់​ដី​ទាំងពីរ​ប្លង់ ដោយ​កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៧ ដោយ​លោក ហួត ឈាង​អន រួមទាំង​គ្នីគ្នា​ជាង ១០​នាក់ មាន​អាវុធ​ក្នុង​ដៃ បាន​បាញ់​គំរាម ដុត​រោង​ចាំ​ដី និង​បាញ់​កម្ទេច​ម៉ាស៊ីនបូមដី​ជាច្រើន​គ្រឿង រួច​បណ្តេញ​រូបលោក ( ផាន់ វុទ្ធី ) និង​បងប្អូន ដែលជា​ម្ចាស់​កម្មសិទ្ធិករ​នៃ​ដី​ទាំងពីរ​ប្លង់​នោះ​។​

​ពាក្យបណ្តឹង​របស់​ឈ្មោះ ផាន់ វុទ្ធី បញ្ជាក់ថា «​លោក ហួត ឈាង​អន បាន​គំរាមថា បើ​មិន​ចេញ​ទេ នឹង​បាញ់​សម្លាប់ចោល​»​។​ យ៉ាងណាក៏ដោយ ពាក់ព័ន្ធ​ដី​ជម្លោះ​នោះ កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨ លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា តុលាការ​សាលាដំបូង​ខេត្តព្រះវិហារ បានចេញ​ដីកា កោះហៅ​លោក ផាន់ វុទ្ធី ជាដើម​បណ្តឹង មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​តា​កោ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្តកំពត ឲ្យ​ចូលទៅ​កាន់​អយ្យការ​អម​សាលាដំបូង ខេត្តព្រះវិហារ នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ៨:៣០ នាទី ដើម្បី​សាកសួរ ពី​ដំណើររឿង រំលោភ​កាន់កាប់​អចលនវត្ថុ លើ​អ្នកកាន់កាប់ ដោយ​សុចរិត​ដោយ​ហិង្សា​។​ ពាក់ព័ន្ធបញ្ហានេះ អង្គភាពខ្មែរពិតយើង មិនអាចសុំការ​បំភ្លឺ​ពី ឯកឧត្តម ​ឧ​ត្ត​ម​សេនីយ៍ ផ្កាយ​៣ ហួត ឈាង​អន បាន​នៅឡើយទេ ។

​​ក្នុងលិខិត ​វិញ្ញាបនបត្រសម្គាល់​ម្ចាស់​អចលនវត្ថុ ដែលគេហៅ ប្លឹងរឹងលើដី ២ប្លង់ ចុះថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ ២០១៤ ចុះហត្ថលេខាដោយលោក គង់ សោភ័ណ ប្រធានមន្ទីរ​រៀបចំ ដែនដីនគរូបនីយកម្ម​ សំណង់ និងសុរិយោដី ខេត្តព្រះវិហារ បង្ហាញថា ដី​ជម្លោះនោះ មានក្បាលដីលេខ ៤៣៧​មានទំហំ៤០២៤៤ ម៉ែត្រការ៉េ និងមួយ​ប្លង់ទៀត មានក្បាលដីលេខ ៤៣៦ មានទំហំ​៨៨២២៧ ម៉ែត្រ​ការ៉េ ។  ដីទាំងពីរប្លង់នេះ ជាប្រភេទ​​​ដី​រូបភាព ប្រើប្រាស់ដីកសិកម្ម ស្ថិត​នៅភូមិ​ត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ  ។ ទោះ​ជាយ៉ាងណា ដំណើរ​ការក្តីរបស់តុលាការ ជាអ្នកសំរេច បញ្ហាទាំងអស់នេះ ៕

ដោយ ៖ លោក ស៊ី វុទ្ធា

ចំណែក