សួនប៉ោយបែត តេជោ ឈ្នះឈ្នះ សមិទ្ធផលថ្មីនិងជាប្រវត្តិសាស្ត្រ សម្រាប់ក្រុងប៉ោយប៉ែត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់
បន្ទាយមានជ័យ ៖ សួនច្បារ ប៉ោយបែត តេជោ ឈ្នះឈ្នះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ក្រោមវត្តមានលោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងប៉ោយប៉ែត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីសំណាក់មន្ត្រីរាជការ យុវជន ប្រជាពលរដ្ឋរាប់ពាន់នាក់ ។
អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល បានឱ្យដឹងថា ទីតាំងសួនប៉ោយប៉ែត តេជោ ឈ្នះឈ្នះ ពីមុនជាតំបន់ដែលប្រជាពលរដ្ឋប្រមាណជា ៤៧ ទៅ៤៨គ្រួសារ បានចូលមករស់នៅអាស្រ័យផល ជាលក្ខណៈសំណង់មិនមានរបៀបរៀបរយ ដោយសារតែទីតាំងនេះ ជាដីចំណីផ្លូវរថភ្លើង និងដីចំណីផ្លូវជាតិលេខ៥ ជាហេតុដែលធ្វើឱ្យអាជ្ញាធរមិន អាចចេញប័ណ្ណកម្មសិទ្ធជូនពួកគាត់បាន។
ក្រោយមកដោយមានការយកចិត្តទុកដាក់ពី លោក ប៉ាន់ខែម ប៊ុនថន លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរក្រុងប៉ោយប៉ែត បានធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋដោយធ្វើការដោះដូរជាមួយដីដែលស្ថិតនៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះឈ្នះ ក្នុងទំហំ ១៥ម៉ែត្រ x ៥០ម៉ែត្រ ជូនពួកគាត់ ហើយបងប្អូនប្រជាពលរដ្ឋទាំងអស់ក៏បានព្រមព្រៀងទទួលយកដោយគ្មានការបង្ខិតបង្ខំឡើយ ។
លោក គាត ហ៊ុល បន្តថា សួនប៉ោយប៉ែត តេជោ ឈ្នះឈ្នះ ត្រូវបានកសាងឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ និងបញ្ចប់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ លើផ្ទៃដីសរុប ៣ ៥៦០ម៉ែត្រការ៉េ ក្នុងនោះផ្ទៃសួនមានទំហំ ៩៦០ម៉ែត្រការ៉េ ព្រមទាំងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ចំណាយអស់ថវិកាប្រមាណជា ៨១ ៥២៩ដុល្លារដែលជាថវិកាផ្ទាល់លោក ប៉ាន់ខែម ប៊ុនថន លោក អ៊ុំ រាត្រី អភិបាលខេត្ត សប្បុរសជនមួយចំនួនទៀត ៕
ដោយ ៖ អ.ពៅ