នៅថ្ងៃស្អែក ព្រឹទ្ធសភានឹងបើកសម័យប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាពចំណីអាហារ
ភ្នំពេញ៖ ព្រឹទ្ធសភា នៅថ្ងៃទី១៨ខែឧសភាស្អែកនេះ នឹងបើកសម័យប្រជុំពិនិត្យ និងសម្រេចទៅលើសេចក្តីព្រាងច្បាប់ស្តីពី សុវត្ថិភាពចំណីអាហារ តបតាមសំណើរបស់ក្រសួងស្ថាប័នមួយចំនួន ។
នៅក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពសម្ដេចវិបុលសេនា ភក្តី សាយ ឈុំ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុន នាង អ្នកនាំពាក្យព្រឹទ្ធសភាជាតិ មានប្រសាសន៍ថា ក្នុងកិច្ចប្រជុំនេះ បានពិនិត្យលើរបៀបវារៈចំនួនមួយចំនួន ក្នុងនោះមានពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។
ឯកឧត្តម បានបន្តថា ក្នុងកិច្ចប្រជុំក៏បានពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូនអាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្មរ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ។
ឯកឧត្តម ម៉ម ប៊ុននាង បានបន្ថែមថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ដើម្បីប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ដោយមានរបៀបវារៈដូចខាងក្រោម ទី១. ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី សុវត្ថិភាពម្ហូបអាហារ ៕