សង្គ្រាមអ្នករត់ម៉ូតូកង់បី មនុស្ស៤នាក់ដេកពេទ្យ ៥នាក់ត្រូវអាវុធហត្ថចាប់ខ្លួន
បន្ទាយមានជ័យ ៖ ជនសង្ស័យជាអ្នករត់ម៉ូតូកង់បី ចំនួន០៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោស ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ការឃាត់ខ្លួនករណីខាងលើ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន០៤នាក់ ១-ឈ្មោះ វ៉ាន់ គឹមអៀង ភេទប្រុស អាយុ៥១ឆ្នាំ, ២-ឈ្មោះ គឹម រតនា ភេទប្រុស អាយុ៣២ឆ្នាំ, ៣-ឈ្មោះ មួន ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ, ៤-ឈ្មោះ ផាន សុខហេង ភេទប្រុស អាយុ២៨ឆ្នាំ ទាំងអស់គ្នារស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ដោយឡែក ជនសង្ស័យទាំង៥នាក់ មាន ៖ ១-ឈ្មោះ លី ពៅ ភេទប្រុស អាយុ៤៨ឆ្នាំ, ២-ឈ្មោះ សោ ភារិន ភេទប្រុស អាយុ២៧ឆ្នាំ, ៣-ឈ្មោះ សោ ភារៈ ភេទប្រុស អាយុ២៩ឆ្នាំ, ៤.ឈ្មោះ សោ ភារ៉ូន ភេទប្រុស អាយុ២៤ឆ្នាំ, ៥.ឈ្មោះ សោ ភារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ទាំង៥នាក់ មានទីលំនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកបន្តថា ប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបាន វត្ថុតាង មួយចំនួនដូចជា ៖ ១-កាំបិតកែច្នៃ ប្រវែង៦០សង់ទីម៉ែត្រ ចំនួន០១ដើម, ២-ដំបងទីបដែក ប្រវែង៧០សង់ទីម៉ែត្រ ចំនួន០១ដើម, ៣-ម៉ូតូកង់ចំនួន៤គ្រឿង, ៤-រថយន្តម៉ាក LEXUS ពណ៌ខ្មៅ ផលិតឆ្នាំ២០០៧ ពាក់ផ្លាកលេខភ្នំពេញ 2U-8866 ចំនួន០១គ្រឿង។ ៥-ទូរសព្ទម៉ាកអាយហ្វូន១៣ ប្រមិច ពណ៌ខ្មៅ ចំនួន០១គ្រឿង,៦-ទូរសព្ទម៉ាក Infinix ពណ៌ស ចំនួន០១គ្រឿង, ៧-ទូរសព្ទម៉ាកOPPO ពណ៌ខៀវ ចំនួន០១គ្រឿង,៨-ទូរសព្ទម៉ាកអាយហ្វូន៦ ពណ៌ខ្មៅ ចំនួន០១គ្រឿង ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា តាមការបំភ្លឺពីជនរងគ្រោះឈ្មោះ ផាន សុខហេង ក្នុងចំណោមជនរងគ្រោះទាំង៤នាក់ បានរៀបរាប់ថា កាលពីវេលាម៉ោង២០ និង៣០នាទីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ប្អូនប្រុសរបស់ខ្លួនឈ្មោះ ផាន សុខជា បានទូរស័ព្ទមកប្រាប់រូបខ្លួនថា មានក្រុមរត់កង់បីថ្មីមានគ្នាប្រហែល០៤នាក់ បានមករត់នៅបេនរបស់គេ លឺដូចនោះ រូបខ្លួនបានខលទៅឪពុករបស់ខ្លួន ឱ្យមកមើលព្រោះគាត់ជាចាស់ទុំ ហើយឪពុកនិងរូបខ្លួន បានទៅដល់បេនរត់កង់បីរបស់ប្អូនប្រុស និងឃើញមានគ្នីគ្នាប្អូននៅជាមួយគ្នាដែរ និងបានប្រាប់ទៅក្រុមរត់កង់បីថ្មីនោះថា មិនឱ្យរត់នៅទីនោះទេ ប៉ុន្តែក្រុមអ្នករត់កង់បីថ្មីនោះមិនព្រមស្តាប់ ហើយនាំគ្នាខលហៅមេរបស់ខ្លួន ឈ្មោះ ពៅ ឲ្យមក ពេលមកដល់ឈ្មោះ ពៅ បាននិយាយថា អាណាកាងនៅទីនេះ ចាប់វាយខ្ចោះ អញមេនៅទីនេះ ស្រាប់តែនាំគ្នាព្រួតវាយមកលើរូបខ្លួន និងប្អូន ហេីយពួកខ្លួនបានវាយតបទៅវិញដេីម្បីការពារខ្លួន តែភាគីបង្កមានកាំបិតនិងដំបងដែក បានកាប់និងវាយមកលើរូបខ្លួន និងប្អូនប្រុស រួមទាំងបក្ខពួកអ្នករត់បង់បី ដែលនៅទីនោះ បណ្តាលឱ្យប្អូនប្រុសខ្លួន រងរបួសចំក្បាលសន្លប់ និងអ្នកផ្សេងរបួសច្រើននាក់ទៀត បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ។ ក្រោយពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានគេចខ្លួនបាត់ស្រមោល ។
ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង៥នាក់ ត្រូវបានបញ្ជូនជាបន្តបន្ទាប់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕