ពលរដ្ឋ សំណូមពរអាជ្ញាធរក្រុងប៉ៃលិន ជម្រុញមេការអនាម័យខេត្ត ដឹកសំរាមចេញជាបន្ទាន់

 

ប៉ៃលិន ៖ ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិប៉ាហ៊ីជើង និងអាជីវករលក់ដូរក្នុងផ្សារថ្មីប៉ាហ៊ីជើង ហៅផ្សារជាងអូន ស្ថិតនៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បាននាំគ្នារអ៊ូរ ត្អូញត្អែរពីបញ្ហាក្លិនស្អុយសំរាម ដែលគរទុកចោល រយ:ពេលជាង១០ថ្ងៃ នៅតាមមុខផ្ទះ និងនៅក្នុងផ្សារ ដោយពួកគាត់ ស្នើសុំឱ្យអាជ្ញាធរក្រុងប៉ៃលិន មេត្តាណែនាំមេការប្រមូលសំរាមខេត្តប៉ៃលិន ប្រញាប់កើបដឹកយកទៅចាក់ចោលជាបន្ទាន់ ព្រោះពួកគាត់បានប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ខ្លះណាស់ ។ 

ពលរដ្ឋឈ្មោះ ផល និងឈ្មោះ ធាវី រស់នៅភូមិប៉ាហ៊ីជើង បានរៀបរាប់ថា អ្នកភូមិទ្រាំលែងបានទៀតហើយ ខណ:ដែលសំរាមគរទុកនៅមុខផ្ទះអស់រយ:ពេល១៥ថ្ងៃ មិនឃើញខាងក្រុមហ៊ុនអនាម័យដឹកសំរាមខេត្តប៉ៃលិន ដើរប្រមូលទាល់តែសោះ ។  ក្លិនកាកសំណល់ផ្ទះបាយ ដូចជាក្បាលត្រី ស្រកាត្រី សំបកបន្លែ សំបកពងមាន់ ពងទា ដែលច្រកថង់ គរទុកអស់រយ:ពេលជាច្រើនថ្ងៃ បានបញ្ចេញក្លិនស្អុយឆួល ចូលពេញក្នុងផ្ទះ ពិបាកដកដង្ហើម ប៉ះពាល់ដល់ការហូបចុក ដេកលែងលក់ និយាយជារួម គឺ រស់នៅវេទនាខ្លាំងណាស់ ។ 

ប្រភពបន្តថា ការបង់ប្រាក់ថៃ្លសំរាម គឺរៀងរាល់ខែ មិនដែលខាន១ថ្ងៃឡើយ ប៉ុន្តែអ្នកម៉ៅការ ហាក់ដូចជាមិនអើពើ នឹងបញ្ហាសុខភាពរបស់ពួកគាត់ទាល់តែសោះ គួរតែ៣ទៅ៤ថ្ងៃ ដើរប្រមូលម្តង ព្រោះបើលើសពីនេះ នឹងបង្កបញ្ហាដល់សុខភាពប្រជាពលរដ្ឋក្នុងភូមិ ។ 

ចំណែកប្រជាពលរដ្ឋរស់នៅក្នុងភូមិប៉ាហ៊ីជើងដូចគ្នានេះដែរ បានធ្វើការរិះគន់ទៅលើអាជ្ញាធរក្រុង ក៏ដូចជាមេ ការប្រមូលសំរាមថា មិនយកចិត្តទុកដាក់នឹងសុខភាពរបស់ពួកគាត់ ដោយមិនគិតខ្វល់ចុះពិនិត្យមើល ឱ្យបានត្រឹមត្រូវ។ ពួកគាត់ពិតជាមានការព្រួយបារម្ភពីសុវត្ថិភាពសុខភាពផ្លូវដង្ហើម ព្រោះអាចកើតជាជំងឺរោគា ខណ:រាល់ថ្ងៃលំបាកក្នុងការរកថវិកាចិញ្ចឹមជីវិតហើយ បែរជាមានបញ្ហាសុខភាពថែមទៀត ធ្វើឱ្យពួកគាត់កាន់តែក្រទៅៗ មិនអាចងើបខ្លួនរួចឡើយ ។ ពួកគាត់ស្នើសុំឱ្យថ្នាក់ដឹកនាំក្រុង ក៏ដូចជាខេត្ត គួរតែចុះពិនិត្យមើលបញ្ហាសំរាមទាំងនេះ បើនៅតែព្រងើយកន្តើយទៀត ពួកគាត់ពិតជាអស់សង្ឃឹមខ្លាំងណាស់ ។ 

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក សែប សារ៉ាន់ ហៅចិន មេការអនាម័យប្រមូលសំរាមនៅផ្សារខេត្តប៉ៃលិន បានឱ្យដឹងថា ខាងលោកប្រមូលរាល់ថ្ងៃ គឺ៣ថ្ងៃប្រមូលម្តង តែដោយសារជាប់រវល់រៀបចំអាពាហ៍ពិពាហ៍ឱ្យកូន ទើបមិនបានយករថយន្តទៅប្រមូលដឹកចាក់ចោលនៅទីលានចាក់សំរាម។ តែពេលនេះ បន្ទាប់ពីរួចធុរ: គឺលោកចាប់ផ្តើមដើរប្រមូលជាបណ្តើរៗ នៅតាមផ្ទះប្រជាពលរដ្ឋ និងក្នុងផ្សារផងដែរ ។ 

ចំណែកលោក ចក់ រិទ្ធី អភិបាលរងក្រុងប៉ៃលិន បានឱ្យដឹងដែរថា ខាងលោកតែងតែណែនាំ ដល់មេការសំរាមខាងលើ ឱ្យចុះប្រមូលកំទេចកាកសំណល់ គ្រប់កន្លែងគោលដៅរបស់ខ្លួន ឱ្យទាន់ពេលវេលា ដោយមិនត្រូវទុកគរចោល ឱ្យស្អុយរលួយបែបនេះទេ ។ ហើយលោកក៏បានណែនាំតាមគ្រុបជារៀងរាល់ថ្ងៃ ហើយនៅពេលនេះ បន្ទាប់ពីបានទទួលសេចក្តីរាយការណ៍ថា អត់មានការប្រមូលសំរាមតាមភូមិ យកទៅចាក់ចោល លោកនឹងទាក់ទងទៅខាងមេការឱ្យចុះទៅប្រមូលភ្លាម ៕

ដោយ ៖ Pa J

CATEGORIES
Share This