ខេត្តបាត់ដំបងបីថ្ងៃ ឆ្លងឆ្នាំសកលឆ្នាំ២០២៣-២០២៤ ទទួលបានភ្ញៀវទេសចរណ៍ ជាង៣៥មុឺននាក់
បាត់ដំបង ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ថ្ងៃឆ្លងឆ្នាំសកល២០២៣-២០២៤ ដែលរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំរយៈពេលបីថ្ងៃ ទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកំសាន្តលេងជាង៣៥មុឺននាក់ ។
លោក អ៊ុច អ៊ុំភីនីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានអោយដឹងថា តាម
របាយការណ៍ស្ថានភាព និងស្ថិតិភ្ញៀវទេសចរដែលបានមកកម្សាន្តក្នុង ពិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៤ នាថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៣ មានភ្ញៀវទេសចរសរុប មានចំនួន ៣៥៣,៧០៨ នាក់ មានការកើនឡើង ៦៧,៦០ % បើធៀបឆ្នាំ២០២២ មានចំនួន ២១១,០៣៨ នាក់ ។ ក្នុងនោះភ្ញៀវជាតិ មានចំនួន ៣៥២,៧៩០ នាក់ មានការកើនឡើង ៦៧.៧៨% បើធៀបឆ្នាំ២០២២ មានចំនួន ២១០,២៧៤ នាក់ ។ ភ្ញៀវអន្តរជាតិ មានចំនួន ៩១៨ នាក់ មានការកើនឡើង ២០.១៦% បើធៀបឆ្នាំ២០២២ មានចំនួន ៧៦៤ នាក់។
លោកបថា កត្តាដែលធ្វើអោយភ្ញៀវ មានការកើនឡើងក្នុងព្រឹត្តិការណ៍ពិព័រណ៌ម្ហូបអាហារ ខេត្តបាត់ដំបង និងពិធីបុណ្យឆ្លងឆ្នាំសកល ២០២៣ ចូល២០២៤ មាន១១កក្តា ដូចជា ៖ ១. កត្តាទីតាំង រដ្ឋបាលខេត្តបានពង្រីកទីតាំងសម្រាប់រៀបចំពិធីយ៉ាងទូលាយអាចលេងកម្សាន្តបានច្រើនកន្លែង។ ២.កត្តាសន្តិសុខសុវត្ថិភាព មានកងកម្លាំងប្រចាំការទាំងយប់ និងថ្ងៃ សម្រួលដល់ការធ្វើចរាចរណ៍ និងសុវត្ថិភាពភ្ញៀវ ។ ៣.កត្តាព្រឹត្តិការណ៍សម្បូរបែប មាន ៖ ពិពណ៌ផលិតផលក្នុងស្រុក2ទីតាំង និងស្តង់ភូមិមួយផលិតផលមួយ, ព្រឹត្តិការណ៍ពិពណ៌ម្ហូបអាហារ បង្អែម ខ្មែរអ្នកបាត់ដំបង ដើម្បីអបអរសាទរខេត្តបាត់ដំបងចូលជាសមាជិកបណ្តាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូផ្នែកម្ហូបអាហារ, តន្រ្តីខ្នាតយក្សចំនួន ២ទីតាំង, ព្រឹត្តិការណ៍បាញ់កាំជ្រួច អបអរឆ្លងឆ្នាំសកល, ព្រឹត្តិការណ៍ប្រកួតកីឡាអុំទូកប្រពៃណីខ្នាតអន្តរជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង, ភូមិខ្មែរ មានតាំងលក់ម្ហូបបង្អែមខ្មែរ និងទីតាំងថតរូបស្អាតៗនិងទាក់ទាញ ។ ៤. កត្តាតម្លៃ នៅតាមបណ្តាមូលដ្ឋានអាជីវកម្មរក្សាបាននូវតម្លៃសមរម្យ ជាមួយនឹងភាពសម្បូរបែបនៃសេវាកម្មជូនភ្ញៀវ (ច្រើនជម្រើស)។ ៥.កត្តាសេដ្ឋកិច្ច ប្រជាជនចាប់ផ្តើមមានជីវភាពប្រសើរជាងឆ្នាំមុន។ ៦. កត្តាសុវត្ថិភាពសុខាភិបាល មិនមានជំងឺឆ្លង, ៧. កត្តាហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខ៥ មកកាន់ខេត្តបាត់ដំបង បានសម្ពោធជាផ្លូវការ និងភាពងាយស្រួល ឆាប់រហ័សដល់ការធ្វើដំណើររបស់ទេសចរ។ ៨. កត្តាគោលដៅទេសចរណ៍ និងតំបន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍មានកំណើនដល់ ១១៥ កន្លែង និងមានភាពទាក់ទាញខ្លាំងដោយសារជារដូវអំនោយផលដល់ការកម្សាន្តសប្បាយ (រមណីយដ្ឋានជាប់មាត់ទឹកស្អាត ទឹកថ្លាល្អ) អាកាសធាតុល្អ។ ៩. កត្តាប្រជាពលរដ្ឋ
ប្រជាពលរដ្ឋក្នុងខេត្តយល់អំពីតម្លៃនៃទេសចរណ៍ យល់អំពីបដិសណ្ឋារកិច្ច ញញឹម រាក់ទាក់ សេវា ប្រកបដោយភាពសិ្នទ្ឋស្នាល។ ១០. កត្តាតុបតែតងលម្អ
នៅតាមបណ្តាទីតាំងសំខាន់ៗមានរៀបចំភ្លើងពណ៌បំភ្លឺយ៉ាងស្រស់ត្រកាល។ ១១. កត្តាការចូលរួម
មន្ទីរអង្គភាព ក្រុងស្រុក បានសហការចូលរួមរៀបចំដាក់តាំងម្ហូបអាហារប្រកបដោយភាពទាក់ទាញនិងសម្បូរបែប ។ អាជីវករលក់ដូរចូលរួមច្រើនជាងឆ្នាំមុន២ដង និងបង្កើននូវមុខម្ហូបចម្រុះច្រើនជាងឆ្នាំមុន។
សូមបញ្ជក់ថា កាលពីឆ្នាំ២០២៣ ខេត្តបាត់ដំបង បានជាប់លេខមួយ លើខេត្តដែលមានទីក្រុង ដែលមានពិធីបុណ្យឆ្លងឆ្នាំល្អជាងគេ ដោយមានភ្ញៀវទេសចរណ៍ច្រើនជាងគេ ក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកល ៕
ដោយ ៖ សាលី