កាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចុះផ្សព្វផ្សាយ ពីការទប់ស្កាត់បញ្ហាជំងឺកូវីដ១៩ និងគ្រោះថ្នាក់ចរាចរណ៍

 

ប៉ៃលិន ៖ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានចុះផ្សព្វផ្សាយ ពីការទប់ស្កាត់បញ្ហាជំងឺកូវីដ១៩ និងគ្រោះថ្នាក់ចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋ តាមខ្នងផ្ទះ និងចាក់សម្លេងតាមឧឃោសនស័ព្ទ ក្នុងភូមិសាស្ត្រភូមិភ្នំព្រាល និងភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ 

ការចុះអប់រំផ្សព្វផ្សាយនេះប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ក្រោមការចង្អុលពីលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងឧបត្ថម្ភគ្រាំទ្រដោយ ICRC ។  

ប្រភពព័ត៌មានពី ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានឱ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ជំងឺផ្លូវដង្ហើម ករណីគ្រោះថ្នាក់ចរាចរណ៍ និងសុខភាពផ្លូវចិត្ត ក្រុមការងារបានចុះផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋនៅតាមភូមិចំនួន៥៨ផ្ទះ ដោយមានអ្នកចូលរួមចំនួន១៦៦នាក់ ក្នុងនោះស្រី១៤៤នាក់ ។ ក្នុងនោះក្រុមការងារបានចែកម៉ាសចំនួន៤៥បន្ទះ  ផ្តល់ប័ណ្ណផ្សព្វផ្សាយអំពីវិធានការពារខ្លួនអំពីកូវីដ១៩ ចំនួន៨១សន្លឹក ផ្ទាំងរូបភាព អប់រំអំពីវិធានការពារខ្លួនអំពីកូវីដ១៩ ចំនួន២៤សន្លឹក ។ លើសពីនេះ ក្រុមការងារ ក៏បានណែនាំ ឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅតាមដងផ្លូវជាយថាហេតុ ហើយត្រូវពាក់មួកសុវត្ថិភាព គោរពច្បាប់ចរាចរ ណ៍ មើលឆ្វេងស្តាំឱ្យបានច្បាស់លាស់ មុននឹងបត់ម៉ូតូ ឬឆ្លងកាត់ផ្លូវបែកជាបួនជាដើម ។ ម្យ៉ាងវិញទៀត ក្រុមការងារក៏បានចែកប័ណ្ណផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកចំនួន៣២សន្លឹក ជែលលាងដៃចំនួន៥៨ ដប សាប៊ូ៤៥ដុំតូច ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងបន្ថែម និងរៀនរស់នៅជាមួយកូវីដ-១៩ ដោយត្រូវមានអនាម័យ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែល ជាប្រចាំ ។ 

ក្រុមប្រតិបត្តិសាខាក៏បានបន្ត លើកទឹកចិត្តអោយបងប្អូនប្រជាពលរដ្ឋទូទៅ ចូលរួមចាក់វ៉ាក់សាំងដុសជំរុញ ឲ្យបានគ្រប់ចំនួន និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ កុំឲ្យមានការរីករាលដាលបន្ត ចូលក្នុងសហគមន៍នោះឡើយ ៕

ដោយ ៖ Pa J

 

CATEGORIES
Share This