ជនសង្ស័យ២នាក់ ត្រូវអាវុធហត្ថចាប់ខ្លួន ក្រោយបន្លំយកប្រាក់កាស៊ីណូហ្គោដវើល ៣០ម៉ឺនបាត

បន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការកាលពីចុងសប្តាហ៍កន្លងទៅ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត (បន្លំយកប្រាក់កាស៊ីណូហ្គោដវើល ៣០ម៉ឺនបាត) ។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​ បានឱ្យដឹងថា​ ជនសង្ស័យមានឈ្មោះ ឡូញ ពៅ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ​ រុន នោរី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ទាំង២នាក់​ រស់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ ជាមេបញ្ជាការក្រុង ធ្វើការបង្ក្រាបឃាត់ខ្លួនបាន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចកាស៊ីណូហ្គោដវើល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមពាក្យបណ្ដឹងរបស់ឈ្មោះ គឹម ស៊ានលី ភេទប្រុស អាយុ៤២ឆ្នាំ ថា បានឃេីញជនសង្ស័យឈ្មោះ​ ឡូញ ពៅ លួចយកកាក់ឈីប របស់ក្រុមហ៊ុនចំនួន០១កាក់ ដែលមានតម្លៃ៥,០០០បាត ដាក់ក្នុងអាវ ភ្លាមនោះក្រុមហ៊ុនកាស៊ីណូ បានសួរនាំជនសង្ស័យ ហើយជនសង្ស័យបានសារភាពថា ធ្លាប់លួច កាក់ឈីបរបស់ក្រុមហ៊ុនជាច្រើនលើកមកហើយក្នុងរយៈពេល០៣ខែជាប់គ្នា ពេលលួចកាក់បានខ្លួនបានយកកាក់នោះ ទៅប្រគល់ឱ្យភ្ញៀវឈ្មោះ​ រុន នោរី ដើម្បីដូរយកប្រាក់ចែកគ្នាចាយ ដែលសរុបជាទឹកប្រាក់ទាំងអស់ចំនួន ប្រហែល៣០០,០០០បាត(សាមសិបម៉ឺនបាត)លុយថៃ ។ ក្រោយសួរនាំដឹងរឿងហើយ ក៏ប្រគល់ជនសង្ស័យឲ្យទៅសមត្ថកិច្ចអាវុធហត្ថចាត់បន្តតាមផ្លូវច្បាប់ តែម្តង ។

លោកបន្តថា ករណីនេះ សមត្ថកិច្ចបានធ្វើការដកហូតនូវវត្ថុតាង មួយចំនួនដូចជា ៖ ១.កាក់ឈីប លេខ៥០០០ ចំនួន០១កាក់, ២.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខបាត់ដំបង 1AQ-98 38 ចំនួន០១គ្រឿង,​ ៣.ខ្សែកលោហធាតុ ពណ៌ក្រហម ប្រវែង២៥ សង់ទីម៉ែត្រ ចំនួន០១ខ្សែ,​ ៤.ខ្សែដៃលោហធាតុ ពណ៌លឿង ប្រវែង០៧ សង់ទីម៉ែត្រ ចំនួន០១ខ្សែ,​ ៥.ចិញ្ចៀនលោហធាតុ ពណ៌លឿង មានដាំត្បូងពណ៌ស ចំនួន០១វង់,​ ​៦.ប័ណ្ណសម្គាល់ទោចក្រយានយន្តចំនួន០១សន្លឹក,​ USB ផ្ទុកទិន្នន័យ​វីដីអូរ​ ចំនួន០១ ៕

CATEGORIES
Share This