សមត្ថកិច្ចរៀបចំបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ក្រោយឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស ( កាច់សោរយកម៉ូតូ )

ខេត្តបាត់ដំបង! កម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ក្រោយពីឃាត់ខ្លួនពាក់ព័ន្ធក្នុងករណីលួចមានស្ថានទម្ងន់ទោស ( កាច់សោរយកម៉ូតូ )។

លោកវរសេនីយ៍ឯក ឈឿង​ គឹមសុង​ នាយការិយាល័យនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បានប្រាប់អោយដឹងនៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះថាជនសង្ស័យមានឈ្មោះ ឃុត ប៊ុនធិន ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៣ វេលាម៉ោង ១៤និង២៨នាទី នៅចំណុចលើផ្លូវជាតិលេខ ៥៧ ស្ថិតនៅក្នុងភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ជាមួយវត្ថុតាងរួមមាន!
– ម៉ូតូ​ចំនួន០១គ្រឿង​ ម៉ាកហុងដា​ ឌ្រីម​ សេ​១២៥​ ពណ៌ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០១៨​ លេខ​តួ​ ម៉ាស៊ីន​ 5157967 ពាក់​ស្លាកលេខ​ ភ្នំពេញ​ 1HN-7466
-កូន​សោរ​ម៉ូតូ​ចំនួន​ ២៥​ គ្រាប់​
-​ តួណឺវីស​ ចំនួន​ ០២​ដេីម
-​ មួក​សុវត្ថិភាព​ចំនួន​ ០២​

លោក ឈឿង គឹមសុង បានបញ្ជាក់ទៀតថា ជនសង្ស័យខាងលើកាលពីថ្ងៃទី០៨ ខែមេសា​ ឆ្នាំ ២០២២ វេលាម៉ោង ០៨និង១០​ នាទី រូបគេបានធ្វើសកម្មភាពកាច់សោរលួចយកម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ បឿង លក្ខិណា ភេទស្រី អាយុ ៣២ឆ្នាំ នៅចំណុចផ្សារលើ ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ហើយក្រោយទទួលបានពាក្យបណ្តឹងនិងអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ និងដោយមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងផងនោះ លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានតែម្តង។

ហើយក្រោយពីឃាត់ខ្លួន ជនសង្ស័យជាមួយនឹងមធ្យោបាយជិះធ្វើសកម្មភាព រហូតមកដល់ពេលនេះត្រូវការិយាល័យជំនាញកំពុងកសាងសុំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

CATEGORIES
Share This