រដ្ឋបាលឃុំអូរដំបង១ បានរៀបចំទិវាសំអាតបរិស្ថាន ដើម្បីសហគមន៍ និងបរិស្ថានស្អាតផ្តើមចេញពីយើង

បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលឃុំអូរដំបង១ដែលដឹកនាំដោយលោក សេក ផានិត ជាមេឃុំ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាការពារ ប្រជាពលរដ្ឋក្នុងសហគមន៍បាហៃ ព្រមទាំងអង្គការខ្មែរជំនាន់ថ្មី បានចុះធ្វើការសម្អាតបរិស្ថានរើសសំរាម និងកាប់ឆ្ការព្រៃអមនៅសងខាងដងផ្លូវ ដើម្បីសហគមន៍ និងបរិស្ថានស្អាតផ្តើមចេញពីយើង ។

លោក សេក ផានិត មេឃុំអូរដំបង១ បានអោយដឹងថា ដោយមើលឃើញរយៈពេលកន្លងមកតែងកើតមានករណីគ្រោះថ្នាក់ចរាចរណ៍កើតមានជាញឹកញាប់នៅតាមដងផ្លូវពិសេសចំណុចផ្លូវបំបែកជាបួនហាយវេ ដែលផ្តើមចេញពីកត្តាជាច្រើន ក្នុងនោះក៏មានកត្តាបាំងព្រៃដែលដុះអមសងខាងផ្លូវ និងទ្រូងផ្លូវ មើលមិនឃើញផងនោះ ទើបលោកបានរៀបចំផែនការដឹកនាំលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាការពារ ប្រជាពលរដ្ឋក្នុងសហគមន៍បាហៃ ព្រមទាំងអង្គការខ្មែរជំនាន់ថ្មី ចុះធ្វើការសម្អាតបរិស្ថានរើសសំរាម និងកាប់ឆ្ការព្រៃអមនៅសងខាងដងផ្លូវ ចាប់ពីចំណុចភូមិបោះពោធិ៍ រហូតដល់ភូមិអូរស្រឡៅ ស្ថិតក្នុងឃុំអូរដំបង១ ស្រុកសង្កែ ដើម្បីអោយបរិស្ថានស្អាត ដើម្បីសហគមន៍យើង និងបរិស្ថានស្អាតផ្តើមចេញពីយើង ពិសេសកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋនៅពេលធ្វើដំណើរឆ្លងកាត់ផងដែរ។

ជាមួយគ្នានេះ លោកមេឃុំ សេក ផានិត បានបញ្ជាក់ថា ក្រៅពីយុទ្ធនាការកាប់សំអាតបរិស្ថាននៅតាមដងផ្លូវនេះហើយ លោកមានគម្រោងដាក់ផ្លាកសញ្ញាធំៗចំនួនពីរនៅលើផ្លូវដែលឆ្លងកាត់ ដោយដាក់ថា (ឈប់សិន និងបន្ថយល្បឿន) ហើយជំហានបន្ទាប់និងមានការដាក់ផ្លាកទី០១ (ហាមចោលសំរាមផ្តេសផ្តាសនៅតាមទីធ្លាសាធារណះ ) ទី០២ (យើងរួមគ្នាការពារនិងសំអាតបរិស្ថាន)និងទី០៣ (បរិស្ថានស្អាតគឺផ្តើមចេញពីខ្លួនយើង)។

ជាចុងក្រោយក្នុងនាមរដ្ឋបាលឃុំអូរដំបង១ លោកក៏បានអំពាវនាវសូមអោយបងប្អូនទាំងអស់ មិនថាពលរដ្ខនៅឃុំអូរដំបង១ ឬប្រជាពលរដ្ឋទាំងអស់ដែលចោលសំរាមនៅតាមទីសាធារណះ សូមកុំបន្តចោល ត្រូវវិចខ្ចប់សំរាមទុកដាក់អោយបានត្រឹមត្រូវ ហើយបើសិនរកឃើញប្រជាពលរដ្ឋណាម្នាក់យកសំរាមមកចោលទីសាធារណះ រដ្ឋបាលឃុំនិងធ្វើការផាកពិន័យ និងមានវិធានការយ៉ាងតឹងរឹងបំផុត ៕
ដោយ ៖ សាលី

CATEGORIES
Share This