សមត្ថកិច្ច បំបែកសំណុំរឿងឃាតកម្ម ដោយបានឃាត់ខ្លួនជនសង្ស័យ ០១នាក់

បាត់ដំបង ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទឺ១ សហការជាមួយកម្លាំងការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះប្រតិបត្តិការបង្ក្រាបករណីឃាតកម្ម (ប្រើដំបងនិងពូថៅ) ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ០១នាក់ ។

លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់ បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៤និង០០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចដំណាក់ដង្កោ ស្ថិតក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបានធ្វើការនាំខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ឌឿន ចន្ត្រា ហៅ ត្រា ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិអូស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មកស្នាក់នៅធ្វើស្រែចំណុចដំណាក់ដង្កោ ស្ថិតក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង រួមជាមួយវត្ថុតាងដកហូតមាន ៖ ពូថៅ ចំនួន០១, ដំបង ចំនួន០១, ពិលពាក់ក្បាល ចំនួន ០១ និងខោជើងវែងពណ៌ខ្មៅ(ស្លៀកពេលធ្វើសកម្មភាព) ចំនួន ០១ ។

លោកអធិការ បានបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ២១ និង ០០នាទី នៅចំណុចដំណាក់ដង្កោ ស្ថិតក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ជនសង្ស័យខាងលើ បានផឹកស្រាថ្នាំអស់កន្លះលីត្រ រួចក៏ដើរទៅមើលត្រី និងមើលស្រែចម្ងាយពីផ្ទះប្រហែល ៥០០ម៉ែត្រ ដោយមានពូថៅសៀតនៅចង្កេះ ហើយកាន់ដំបងនៅនឹងដៃ ពេលដើរដល់ចំណុចកើតហេតុ ស្រាប់តែជនរងគ្រោះឈ្មោះ សួន ហុីង ភេទប្រុស អាយុ៤៣ឆ្នាំ ដើរទៅតាមក្រោយ ពេលនោះឈ្មោះ ឌឿន ចន្ត្រា ក៏សួរថា «ម៉េចបានហុីងឯងចេះតែមកឆក់ត្រីកន្លែងខ្ញុំអីចឹង» សួររហូតតឹងសរសៃកដាក់គ្នា ឈានដល់ប្រតាយប្រតប់គ្នា ខណៈនោះជនសង្ស័យបានច្រានជនរងគ្រោះដួលទៅនឹងមាត់ប្រឡាយ រួចក៏យកដំបងវាយចំកញ្ចឹង ក ចំនួន០១ដំបង បណ្ដាលឲ្យសន្លប់ បន្ទាប់មកជនសង្ស័យក៏បានយកពូថៅដែលសៀតនៅចង្កេះ កាប់ចំនួន០៦ពូថៅ បន្ថែមទៀតចំត្រង់ក្បាលជុំវិញ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង បន្ទាប់មកលើកសពជនរងគ្រោះដាក់លីលើស្មា យកទៅទម្លាក់ចោលនៅដុបព្រៃក្បែរដំបូកស្រែ មួយកន្លែង ដែលមានចម្ងាយប្រហែល ៤០០ម៉ែត្រ ពីកន្លែងកើតហេតុតែម្តង ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបាន វាយ និងកាប់ជនរងគ្រោះឈ្មោះ សួន ហុីង រហូតដល់ស្លាប់ ហើយយកសាកសពទៅទម្លាក់ចោលប្រាកដមែន មូលហេតុដោយសារ ខឹងជនរងគ្រោះ តែងតែមកឆក់ត្រីនៅប្រឡាយក្រោយផ្ទះរបស់ខ្លួន ៕

ដោយ ៖ សាលី

CATEGORIES
Share This