លោកជំទាវ បាន ស្រីមុំ អញ្ចើញបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៣-២០២៤
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ប៉ៃលិន នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នៅបរិវេណសាលា វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតនៅក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
យោងតាមរបាយការណ៍លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន បានឱ្យដឹងថា ឆ្នាំសិក្សាថ្មី ២០២៣-២០២៤នេះ ខេត្តប៉ៃលិន មានគ្រឹះស្ថានសិក្សា ចាប់ផ្តើមដំណើរការរៀន និងបង្រៀន គឺ មធ្យមសិក្សា សាធារណៈ មានចំនួន ៩សាលា ក្នុងនោះវិទ្យាល័យចំនួន ០៣ សាលា និងអនុវិទ្យាល័យចំនួន ៦សាលា មានសិស្សសរុប ៥៦៨៧នាក់ ស្រីចំនួន ៣០២៧នាក់, បឋមសិក្សាសាធារណៈចំនួន ៥៣សាលា មានសិស្សសរុបចំនួន ១១១៩៩នាក់ ស្រីចំនួន ៥៤៦០នាក់ (ក្នុងនោះសិស្សគ្រប់អាយុចុះឈ្មោះថ្មីចូលរៀនថ្នាក់ទី១ មានចំនួន ១១៣០នាក់ ស្រី ៥១០នាក់) និងសាលាមត្តេយ្យសិក្សាចំនួន ២៥សាលា មានសិស្សសរុបចំនួន ៨៥៨នាក់ ស្រីចំនួន ៤៧៨នាក់ (ក្នុងនោះសិស្សចុះ ឈ្មោះចូលរៀនថ្មី ចំនួន ៣៥៣នាក់ ស្រី ១៨៥នាក់ ។
បន្ទាប់ពីអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាល រួចមក លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា បវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ ចាត់ទុក ជាឆ្នាំដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ចាប់ផ្ដើមអនុវត្ដអាទិភាពគោលនយោបាយ សំខាន់ៗ ពាក់ព័ន្ធវិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើ ការពង្រឹងគុណភាពវិស័យអប់រំ កីឡាវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាល ទី៧ នៃរដ្ឋសភា ក្នុងគោលដៅ “លើកកម្ពស់ គុណភាពអប់រំ” ដោយផ្តោតលើការពង្រឹង គុណភាព សាលារដ្ឋ ចាប់ពី ថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈ ការពង្រឹងកិច្ចការសំខាន់ៗ រួមមាន៖ ទី១. ការពង្រឹង អភិបាលកិច្ចសាលារៀន, ទី២. ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅ ម៉ោងសិក្សាឱ្យស្របទៅ តាម តម្រូវការ ក្នុងការពង្រឹងចំណេះដឹងវិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣. ការយកចិត្តទុកដាក់លើសុខភាព របស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យ គុណភាពចំណីអាហារ នៅតាមសាលា និងទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យ ស្លោក “ភាពជាដៃគូ រដ្ឋ និងសហគមន៍ដើម្បីការអប់រំ» ។
ជាមួយគ្នានោះលោកជំទាវ បានជំរុញដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវបង្កើនការយក ចិត្តទុកដាក់ខ្ពស់ លើការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អ របស់បុគ្គលិកអប់រំ និង សិស្សានុសិស្ស ពីព្រោះក្រសួងបានដាក់ឱ្យអនុវត្តការផ្ដល់ពិន្ទុ ៨០ភាគរយ លើចំណេះដឹង ១០ភាគរយ លើបំណិន និង១០ភាគរយ លើសីលធម៌ និងចរិយាធម៌ ហើយនៅថ្ងៃនេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏សូមប្រកាសដាក់ចេញនូវ “យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម” នៅទូទាំងប្រទេសចាប់ពីឆ្នាំសិក្សា២០២៣–២០២៤ តទៅ ដើម្បីគាំទ្រដល់ការ អនុវត្តចលនាប្រឡង ប្រណាំងសាលាស្អាត ដែលកន្លងមក ក្រសួងអប់រំ យុវជននិងកីឡា បានដាក់ចេញនូវគោលការណ៍ លក្ខណៈវិនិច្ឆ័យ និងនីតិវិធី នៃការវាយតម្លៃសាលាស្អាតរួចមកហើយ ព្រមទាំងមានផ្ដល់ជូនរង្វាន់លើកទឹកចិត្ត ក្នុងឱកាស នៃ សន្និបាតអប់រំប្រចាំឆ្នាំផងដែរ ។
ក្នុងឱកាសនោះផងដែរ លោកជំទាវ ក៏បានមានប្រសាសន៍ផ្តាំផ្ញើ ដល់ក្មួយៗសិស្សានុ សិស្ស ត្រូវខិតខំសិក្សារៀនសូត្រ ទទួលបាននូវចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយខ្លួនជាធនធាន ក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនឡើង ជាពិសេសត្រូវជៀសវាង ឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខ ផ្សេងៗ ហើយត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
សម្រាប់ការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នោះដែរ លោកជំទាវ បាន ស្រីមុំ បានឧបត្ថម្ភជាសម្ភារៈសិក្សា និង ថវិកាដល់លោកគ្រូ អ្នកគ្រូចំនួន ១៣៦នាក់ ដោយក្នុង ម្នាក់ៗទទួលបានថវិកា ចំនួន ៥០,០០០រៀល និងសិស្សានុសិស្សចំនួន ២២៨៩ នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន សៀវភៅ១៦០ទំព័រ ចំនួន ១ក្បាល ប៊ិកចំនួន ១ ដើម និងថវិកាចំនួន ៥០០០ រៀល ៕