មេអាវុធហត្ថខេត្តព្រះវិហារ ស្នើ​ឲ្យ​អ្នកសារព័ត៌មាន​ប្រកាន់ខ្ជាប់​ក្រមសីលធម៌ នៃ​វិជ្ជាជីវៈ​របស់ខ្លួន

ព្រះវិហារ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ស្នើ​ឲ្យ​អ្នកសារព័ត៌មាន​ប្រកាន់ខ្ជាប់​ក្រមសីលធម៌​មិនត្រូវយក​គំនិត​ច្រណែន​ឈ្នានីស​ដែល​នាំឲ្យ​បាត់បង់​នូវ​តំលៃវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។

នេះ​ជាប្រសាសន៍​ផ្ដាំផ្ញើ​ក៏ដូច​ជាការ​ដាស់តឿន​របស់​លោក​ឧត្តមសេនីយ៍ត្រី កង សៅគុណ មេ​បញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ​លើកឡើងទៅកាន់​បងប្អូនក្រុមអ្នក​សារព័ត៌មាន​ប្រចាំ​ខេត្តព្រះវិហារ ក្នុងពិធីជួបជុំ និងពិសារអាហារ នាព្រឹកថ្ងៃទី៣ ខែធ្នូ ម្សិលមិញនេះ។

ក្នុងពិធីនោះដែរ​លោក​ឧត្តមសេនីយ៍ត្រី កង សៅគុណ ​បានលើកឡើងថា កន្លងមក​រាល់​សកម្មភាព​របស់​បងប្អូនអ្នកសារព័ត៌មានយើងមួយចំនួន​តូច​គឺ​បាន​ប្រើប្រាស់​សិទ្ធិ​ ឬក៏តួនាទី​របស់ខ្លួន​លើស​ពី​បន្ទាត់ក្រហម​ នៃមុខវិជ្ជាជីវៈរបស់ខ្លួន ​ដែល​ចំណុចទាំងនេះ​ហើយ​ ក្នុងនាមយើងជាអ្នកសារព័ត៌មាន​ត្រូវដកខ្លួនថយក្រោយមួយ​ជំហាន​វិញ។

បន្ថែមពីនោះ​លោកមេបញ្ជាការ​ ក៏បានធ្វើការណែនាំទៅដល់បងប្អូនក្រុមអ្នកសារព័ត៌មានមុន​នឹងចុះផ្សាយ​នូវ​រឿងអ្វីមួយ​ត្រូវប្រមូលព័ត៌មានឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រកាន់ខ្ជាប់​នូវ​វិជ្ជាជីវៈ​ក្រមសីលធម៌។ ក្នុងនាមយើងជាអ្នកសារព័ត៌មានត្រូវ​មាន​សតិ​សម្បជញ្ញៈ​ត្រិះរិះ​ពិចារណា​គឺ​មិន​ត្រូវយក​គំនិត​ច្រណែនឈ្នានីស​ទៅលើអ្នកដទៃ​ហើយ​ចុះផ្សាយ​មួល​បង្កាច់បង្ខូច​ដល់​កិត្តិយស​របស់អ្នកដ៏ទៃ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ​នោះឡើយ។

លោក​ឧត្តមសេនីយ៍ត្រី កង សៅគុណ ​បានបន្ថែមទៀតថា ​ក្នុង​អាណត្តិទី៧​ដែលដឹកនាំ​ដោយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ​បានយក​នូវ​យុទ្ធសាស្ត្រ​បញ្ចកោណ​គឺ​លុបបំបាត់ចោលនូវរាល់ព័ត៌មាន​ក្លែងក្លាយ​ទាំងឡាយ​មាន​ចេតនា​ញុះញង់​លាភពណ៌​ដែល​បង្ក​អសន្តិសុខ​ដល់​ សង្គមជាតិទាំងមូល។

ក្នុងឱកាសជួបជុំនោះដែរ លោកស្រី ហែម សុគន្ធពិសី ប្រធាន​មន្ទីរព័ត៌មានខេត្តព្រះវិហារ ក៏​បានមាន​មតិ​ណែនាំ​ដល់​បងប្អូន​ក្រុមអ្នកសារព័ត៌មាន​ផងដែរថា ​អ្វីដែល​ជា​កត្តា​ចម្បង​ហើយដាក់ជាប់​ខ្លួននោះ​គឺ​ក្រមសីលធម៌វិជ្ជាជីវៈ មិនត្រូវ​ហែកហួរ​គ្នា​ ដែលធ្វើឲ្យបាត់បង់នូវគុណធម៌​យើងត្រូវចេះ​សាមគ្គីគ្នា​ស្រលាញ់គ្នា ក្នុងនាមជាមិត្តរួមអាជីព ។

ជាមួយគ្នានោះ លោកស្រីប្រធានមន្ទីរ ស្នើដល់បងប្អូនអ្នកសារព័ត៌មាន ​ត្រូវ​ជួយ​ផ្សព្វផ្សាយ​នៅ​រាល់​សមិទ្ធផល​ហេដ្ឋា​រចនា​សម្ព័ន​នានា​ដែលថ្នាក់ដឹកនាំខេត្តព្រះវិហារ ​លោកតែង​បានខិតខំ​កសាង​ទាំងពេលកន្លងមក និង​បច្ចុប្បន្ន ​ដើម្បីលើកទឹកចិត្តក្នុង​កិច្ច​ការអភិវឌ្ឍ​ទៅថ្ងៃ​អនាគត។

លោកស្រី ស្នើសុំដល់បងប្អូនអ្នកសារព័ត៌មានរបស់យើង សុំ​មេត្តា​កុំច្បិច​យកចំណុច​អវិជ្ជមាន​របស់​ថ្នាក់​​ដឹកនាំ​យក​មក​ចាប់​កំហុស ​ត្រង់​ស្នាដៃ​អភិវឌ្ឍន៍​រាប់មិនអស់​បែរ​ជា​មើល​រំលង​ទៅវិញ។លោកស្រីប្រធានមន្ទីរ ស្នើសុំ​ឲ្យ​អ្នកសារព័ត៌មាន​យើង​ប្រកាន់​ឲ្យ​បាន​នូវ​ភាព​សុក្រឹត្យ​ សច្ចៈ​ យុត្តិធម៌ និងគុណធម៌ក្នុងខ្លួន ឱ្យ​ជាប់លាប់​ជានិច្ច៕ 

CATEGORIES
Share This