ផ្សារ​ទំនើប​​វិនិយោគ​​ទឹកប្រាក់​ជិត​១០​លាន​ដុល្លារ​អាមេរិក ​នៅ​ខេត្ត​ព្រះសីហនុ​ នឹង​ដាក់​សម្ពោធ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០១៩

148

ព្រះសីហនុ​ ៖ ​ ផ្សារ​ទំនើប​ ​ដំបូង​គេបង្អស់​ ​ដែល​មាន​ឈ្មោះថា Furi Times Spuare ក្នុង​ក្រុង​ព្រះសីហនុ​ សាងសង់​ឡើង​ក្នុង​ទំហំ​ដី​១​ហិច​តា ដោយ​ទំហំ​អគារ​ស្មើនឹង​៦០%​ នៃ​ផ្ទៃដី​សរុប​ ​និង​៤០%​ ទៀត​ជាទី​ធ្លា​សាធារណៈ​។​ ​ទំហំ​​ទឹកប្រាក់​វិនិយោគ​ប្រមាណ​ជិត​១០​លាន​ដុល្លារ​អាមេរិក​ ​នឹង​បញ្ចប់​ការសាងសង់ ​និង​ដាក់​សម្ពោធ​ជា​ផ្លូវការ​ក្នុង​ខែកញ្ញា ​ឆ្នាំ​២០១៩​ ។ ​

នាយិការ​ក្រុមហ៊ុន​ Furi Times Spuare អ្នកនាង​ ជិន ចាន់​ឡែ​ន ​ ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃទី​២០ កញ្ញា​កន្លងមក​បញ្ជក់​ថា ផ្សារ​ទំនើប​នេះ គឺ​នឹង​ប្រមូល​ផ្តុំ​ទៅដោយ​ហាង​ទំនើបៗ​ប៉ុណ្ណោះ ​ដោយ​សាងសង់​ក្នុង​សង្កាត់​មិត្តភាព ​ជិត​វិមានឯករាជ្យ ហើយ​មាន​កំពស់​៣​ជាន់ និង​មាន​Sky Bar នៅ​ខាងលើ​មួយ​ជាន់​ទៀត​។​អ្នកនាង ​បន្តថា ​ការជ្រើសរើស​ទីតាំង​ខេត្ត​ព្រះសីហនុ ដើម្បី​សាងសង់​ផ្សារ​ទំនើប​ជា​លើកដំបូង ធ្វើឡើង​ដោយមាន​ការសិក្សា​ខ្ពស់​ពី​ទាំង​ទីតាំង ​ទាំង​តម្រូវការ​របស់​ភ្ញៀវ​បរទេស ​និង​ប្រជាជន​ក្នុងស្រុក ជាពិសេស​ក៏​ស្រប​ជាមួយ​នឹង​ការអភិវឌ្ឍ​ខ្លាំង នៃ​ខេត្ត​ព្រះសីហនុ​ផងដែរ​។

លោកស្រី ​បន្តថា ទីតាំង​នៃ​ផ្សារ​ទំនើប​នេះ ក៏​សាង​សង់ឡើង​ផ្ដោត​សំខាន់​ចាប់យក​ភ្ញៀវទេសចរ​ចិន​ផងដែរ ដោយ​តាម​ការស្រាវជ្រាវ​របស់​ក្រុម​បង្ហាញថា ​មាន​ជនជាតិ​ចិន ប្រមាណ​៥​ម៉ឺន​នាក់​រស់នៅ​ជុំវិញ​ផ្សារ​ទំនើប​នេះ​។

លោក Kenny Too ជា​ស្ថាបនិក​នៃ ក្រុមហ៊ុន Gaventure Studio បានលើកឡើង​ផងដែរ​ថា ​ការបើក​ផ្សារ​ទំនើប​នៅ​ក្រុងព្រះសីហនុ ជា​ជម្រើស​យ៉ាង​ប្រសើរ ជាពិសេស​នឹង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង ពី​ប្រជាជន​ក្នុងស្រុក​ក៏ដូចជា​ភ្ញៀវទេសចរ​។ ​លោក ​បន្តថា សេដ្ឋកិច្ច​នៅ​ខេត្ត​ព្រះសីហនុ មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ​ទាំង​ការ​ហក់​ឡើង​នៃ​តម្លៃ​អចលនទ្រព្យ ​ការ​អភិវឌ្ឍ​នៃ​ហេដ្ឋា​ចនាសម្ព័ន្ធ រួមទាំង​ភ្ញៀវទេសចរ​ផងដែរ ​ទាំងនេះ​សុទ្ធតែ​កត្តា​លី​ករ​សំខាន់​ក្នុងការ​បង្កើត​ផ្សារ​ទំនើប​នៅ​ព្រះសីហនុ​។

តាម​គម្រោង​របស់​ក្រុមហ៊ុន ផ្សារ​ទំនើប Furi Times Spuare នឹង​បើក​២៤​ម៉ោង​សម្រាប់​ជាន់​ផ្ទាល់​ដី និង​ជាន់ Sky Bar សម្រាប់​ជាន់​ដទៃ​ទៀត​នឹង​បើក​ត្រឹម​ម៉ោង​៩​យប់​ប៉ុណ្ណោះ​។​ផ្សារ​ទំនើប​នេះ ​ក៏មាន​រោងភាពយន្ត​រី​ជេន​ដ៏​ទំនើប​ផងដែរ​៕

ប្រភព ៖ គេហទំព័របាយ័ន​

ចំណែក