រថយន្ត០៣គ្រឿង បុកបន្តគ្នាបណ្តាលអោយមនុស្ស០៥នាក់ រងរបួសធ្ងន់ស្រាល

បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្ស០៥នាក់ បានរងរបួសធ្ងន់ស្រាល ចំណែករថយន្ត០៣គ្រឿង ខូចខាតយ៉ាងដំណំ ក្រោយបានបុកប៉ះបន្តគ្នានៅវេលាម៉ោង ២១និង៣០នាទីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវហៃវ៉េ ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្ដ០១គ្រឿង ម៉ាក Mitsubishi Triton (ត្រៃតុន)ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AM-0693 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច (ឆ្លងថ្នល់) លុះមកដល់ចំណុចកើតហេតុ ភ្លាមនោះក៏មានរថយន្តធុនធំដឹកខ្សាច់ម៉ាកFUSO ពណ៌ស០១គ្រឿង ពាក់​ផ្លាកលេខចង្កូតស្តាំ KCH-0042 បើកបរ​ដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង (បាត់ដំបង.បន្ទាយមានជ័យ) មកបុកពេញទំហឹង និងបន្តបត់ក្បាលទៅបុករថយន្ត០១គ្រឿងផ្សេងទៀតម៉ាក HIGH LANDER ពណ៌ស្ករ ពាក់ផ្លាកលេខបាត់ដំបង 2B-0429 បណ្តាលអោយប៉ើងនិងក្រឡាប់ខូចខាតទាំង០៣គ្រឿងយ៉ាងដំណំ ចំណែកមនុស្ស០៥នាក់ បានរងរបួសធ្ងន់ស្រាលផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ ធ្វើគំនូសហេតុនិងដឹកបញ្ជូនជនរងគ្រោះ​ ទៅសង្រ្គោះព្យាបាលនៅឯមន្ទីរពេទ្យ ចំណែករថយន្តទាំង០៣គ្រឿង ត្រូវបានវាស់វែងធ្វើកំណត់ហេតុ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This