សង្ស័យមានវិបត្តិផ្លូវចិត្ត បុរសម្នាក់បានធ្វើអត្តឃាតដោយចងក សម្លាប់ខ្លួន
បាត់ដំបង ៖ បុរសវ័យជាង៣០ឆ្នាំម្នាក់ សង្ស័យមានវិបត្តិផ្លូវចិត្ត បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២និង១៥នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងក្រុមទី២ ភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ជនរងគ្រោះមានឈ្មោះ លាង គឹមលីន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរស៊ីឈ្នួលលក់ដូរអីវ៉ាន់នៅមាត់ស្ទឹងសង្កែ ស្នាក់នៅផ្ទះជួលចំណុចកើតហេតុខាងលើ ត្រូវបានបងប្អូនលក់ដូរជាមួយប្រើទៅទិញទឹកកក និងបានមានការអាក់អន់ចិត្តជាមួយបងប្អូន និងធ្លាប់បាននិយាយប្រាប់ទៅប្អូនស្រីថា អាញ់មិនចង់នៅទេ ធ្វើអីចេះតែខុសៗរហូត លុះនៅវេលាកើតហេតុខាងលើក៏មានការភ្ញាក់ផ្អើលប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ផ្ទះជួលបាត់ទៅហើយបន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ចតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យបឋមដើម្បីហ៊ុំព័ទ្ធនិងរាយការណ៍បន្ត លុះនៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ទើបខាងនគរបាលជំនាញ រួមជាមួយក្រុមគ្រូពេទ្យចុះទៅពិនិត្យធ្វើកោសល្យវិច័យនិងធ្វើកំណត់ហេតុប្រគល់សពអោយទៅសាច់ញាតិដើម្បីយករៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី