ឯកឧត្តម សុខ លូ អញ្ចើញជាអធិបតីក្នុងទិវាពិភពលោក​ប្រយុទ្ធនឹងជំងឺអេដស៍​ ១​ ធ្នូ ២០២៣

បាត់ដំបង ៖ នៅរសៀលថ្ងៃទី០១ ​ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃសាខាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងទិវាពិភពលោក​ប្រយុទ្ធនឹងជំងឺអេដស៍​ ១​ ធ្នូ​ ឆ្នាំ​២០២៣ (លេីកទី៣០​ នៅកម្ពុជា)​ ក្រោមប្រធានបទ​ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» និងពិធីសំណេះសំណាល សួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋ រស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ចំនួន១៥០នាក់ រស់នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ។

ឯកឧត្តម សុខ លូ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ ការគិតគូរពីជីវភាពរស់នៅ និងកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាមួយគ្នានេះ ឯកឧត្តមប្រធាន បានរៀបរាប់អំពីសាវតានៃមេរោគអេដស៍ និងជំងឺអេដស៍ក្នុងប្រទេសកម្ពុជានិងឃុំរការស្រុកសង្កែ ព្រមទាំងបានគូសបញ្ជាក់អំពីសកម្មភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មុននិងក្រោយពេលដែលសម្តេចទទួលបានគោរមងារពីអង្គការសហប្រជាជាតិ គឺជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលបានផ្តល់ជាគំរូដល់អន្តរជាតិក្នុងការចូលរួមទប់ស្កាត់ការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ និងទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន ហើយធ្វើឱ្យអត្រាប្រេវ៉ាឡង់បានធ្លាក់ចុះជាបន្តបន្ទាប់ ។

ជាមួយគ្នានេះដែរ ក្រុមការងារឥរស្សជនឆ្នើមនៃសាខាខេត្ត បានអានជូនអង្គពិធីនូវសារលិខិតរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រ​ហម​កម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» ៕

ដោយ ៖ សាលី

CATEGORIES
Share This