សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ០២នាក់ ក្នុងករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស

បាត់ដំបង ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តបាត់ដំបង សហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ធ្វើការ បង្ក្រាបឃាត់ខ្លួន ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់ដបកែវគប់ ) ។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ០៧និង០៨នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ម្នាក់ឈ្មោះ ហុង គីមហៃ ភេទប្រុស អាយុ ១៩ឆ្នាំ និងម្នាក់ទៀត ឈ្មោះ លឹម ប៊ុនលាភ ហៅ បៀវ ភេទប្រុស អាយុ ១៨ឆ្នាំ ទាំងពីរនាក់មានទីលំនៅក្នុងឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាមួយវត្ថុតាងដកហូតរួមមាន អំបែងដបកែវ និងកាំបិតខ្វែវដងដែកចំនួន ០១ដើម ។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២៣និង៤៣នាទី នៅចំណុចភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជនសង្ស័យទាំង០២នាក់ខាងលើបានធ្វើសកម្មភាពឈរចាំស្ទាក់ជនរងគ្រោះដែលកំពុងជិះម៉ូតូ និងបានយកដបកែវគប់ទៅលើជនរងគ្រោះម្នាក់ ឈ្មោះ ចំណាន វឌ្ឍនា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួសត្រង់សៀតផ្កាខាងឆ្វេង រយះចេញឈាមដេរចំនួន០៨ ថ្នេរ និងហើមជាំ ក្រោយពីបានធ្វើសកម្មភាពគប់រួច ជនសង្ស័យទាំង០២ នាក់បានពួននិងកាន់កាំបិតខ្វែវចាំកាប់ថែមទៀត ដែលករណីនេះគឺជនសង្ស័យមានការភាន់ច្រឡំទៅលើជនរងគ្រោះថា ជនរងគ្រោះបានគប់ដុំថ្មទៅលើខ្លួនមុន ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើបច្ចុប្បន្នត្រូវបានការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ៕
ដោយ ៖ សាលី

CATEGORIES
Share This