ពលរដ្ឋ និងចាស់ជរាមានជីវភាពខ្វះខាត ៦០គ្រួសារ ទទួលអំណោយ មនុស្សធម៌ពីសប្បុរសជន

បាត់ដំបង ៖ ប្រជាពលរដ្ឋ និងជនចាស់ជរា ដែលមានជីវភាពខ្វះខាត ៦០គ្រួសារ រស់នៅក្នុងភូមិវត្តចែង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ទទួលបានអំណោយមនុស្សធម៌ ពីសប្បុរសជនខ្មែរដែលរស់នៅប្រទេសអូស្ត្រាលី ។

ក្នុងឱកាសជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់គ្រួសារពលរដ្ឋ និងជនចាស់ជរា មានជីវភាពខ្វះខាតនាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះដែរ លោក រ៉េត ខេង និងលោកស្រី កែវ ណាវី ព្រមទាំងបុត្រាបុត្រី ដែលជាសប្បុរសជនមកពីប្រទេសអូស្ត្រាលី បានសម្តែងការសប្បាយរីករាយុយ៉ាងខ្លាំងដែលក្រុមគ្រួសាររបស់លោកបានចំណាយនូវថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីជួយដល់ពលរដ្ឋ គ្រួសារដែលមានជីវភាពខ្វះខាត ពិសេសជនចាស់ជរាដែលកំពុងជួបការលំបាក បើទោះបីជាអំណោយវាមានតិចតួចក៏ពិតមែន តែវាអាចជួយសម្រាលដល់បងប្អូនបានមួយគ្រាផងដែរ ។

ជាកិច្ចឆ្លើយតបប្រជាពលរដ្ឋទាំងអស់បាន សម្តែងការសប្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសាររបស់លោក រ៉េត ខេង និងលោកស្រី កែវ ណាវី ព្រមទាំងបុត្រាបុត្រី ដែលជាសប្បុរសជនមកពីប្រទេសអូស្ត្រាលី ដែលតែងតែចំណាយពេលវេលានិងថវិកាផ្ទាល់ខ្លួនដើម្បីទិញនូវគ្រឿងឧបភោគបរិភោគចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ពិសេសគ្រួសារចាស់ជរាដែលជួបការលំបាកខ្វះខាតនាពេលនេះ ក៏ដូចរយះពេលកន្លងមក និងសូមជូនពរអោយក្រុមគ្រួសារទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចំរើន និងសុខភាពល្អ ដើម្បីបន្តនាំយកអំណោយចែកជូនដល់ពលរដ្ឋជាបន្តបន្ទាប់ទៀត ។

គួរបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូន ក្នុងមួយគ្រួសាររួមមាន -អង្ក ,ទឹកត្រី ,ថ្នាំពេទ្យ និងថវិការមួយចំនួន និងព្រមទាំងបានជួបឧបត្ថម្ភជាថវិកាមួយចំនួនដល់អាជ្ញាធរឃុំអូរដំបង១ដើម្បីទិញបង្គោលសំរាប់បំពាក់ភ្លើងសូឡាដាក់បំភ្លឺផ្លូវផងដែរ ៕
ដោយ ៖ សាលី

CATEGORIES
Share This