ពេទ្យសត្វបន្ទាយមានជ័យ ចាប់រថយន្តដឹកមាន់រស់ ខុសច្បាប់ ១គ្រឿង អនុវត្តការផាកពិន័យតាមច្បាប់

បន្ទាយមានជ័យ ៖ រថយន្តដឹកមាន់រស់ គ្មានច្បាប់អនុញ្ញាត ១គ្រឿង ត្រូវបានមន្ត្រីបសុព្យាបាលខេត្តបន្ទាយមានជ័យ ធ្វើការស្ទាក់ឃាត់ យកមកអនុវត្តការផាកពិន័យតាមគោលការណ៍ច្បាប់ ។

ការចាប់រថយន្តដឹកមាន់រស់ខាងលើ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចជិតស្នាក់ការភូមិ នៃភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមសហការជាមួយ សមត្ថកិច្ចនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ផងដែរ ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការឃាត់ចាប់រថយន្តដឹកមាន់ខាងលើ ធ្វើឡើងក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ (អធិការកិច្វ ឬចុះយាមល្បាត) ហើយប្រទះឃើញជាក់ស្តែង រថយន្តមួយគ្រឿង ម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ចង្កូតស្តាំ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-8809 ដែលមានផ្ទុកមាន់ចម្រុះ សរុបចំនួន២១៥ក្បាល លួចនាំចូលពីប្រទេសថៃតាមច្រករបៀង ក្នុងមូលដ្ឋានស្រុកស្វាយចេក ទិសដៅយកមកចែកចាយ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកបន្តថា អ្នកប្រព្រឹត្តមានឈ្មោះ សោម សូសា ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តល្មើស ទៅនឹងច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ ដោយបានធ្វើការដឹកជញ្ជូនសត្វមាន់រស់ ដោយគ្មានគោលការណ៍អនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ។ អ្នកប្រព្រឹត្តខាងលើ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ សុខភាពសត្វ និងផលិតកម្មសត្វ មានមាត្រា ៥៨ នៃជំពូក៩ ។

លោក ហ៊ុយ ទូច បញ្ជាក់ថា ជាការចាប់ផ្តើមនៃការអនុវត្តនេះ គឺ យើងយកសំណាកសត្វមាន់ ទៅពិនិត្យឲ្យដឹងថា តើសត្វមានជំងឺអ្វីអត់? និងក្នុងខ្លួនមាន់ទាំងនោះមានកាកសំណល់បសុឱសថឬអត់? ប្រសិនបើគ្មានបញ្ហាអ្វីនោះទេ ជំនាញនឹងធ្វើការផាកពិន័យទៅតាមច្បាប់សុខភាពសត្វ ផលិតកម្មសត្វ មាត្រាទី១១៣ ដោយធ្វើការផាកពិន័យជាប្រាក់ ពី១០លានរៀល ទៅ១៥លានរៀល ដោយមិនគិតថា ដឹកតិចឬច្រើននោះទេ ព្រោះនេះជាករណីប្រព្រឹត្តបទល្មើស ។ ហើយប្រសិនបើគាត់ មិនព្រមទទួលយកការផាកពិន័យទេ មន្ត្រីជំនាញនឹងធ្វើការកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី ៕

CATEGORIES
Share This