មន្ត្រីជាន់ខ្ពស់សុវត្ថិភាពចរាចរណ៍ ៖ គ្រោះថ្នាក់ចរាចរណ៍កើតឡើងផ្តើមចេញពីការបើកបរមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក

កំពង់ស្ពឺ ៖ មន្ត្រីជាន់ខ្ពស់សុវត្ថិភាពចរាចរណ៍ បានលើកឡើងថា ការចុះបណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់អ្នកបើកបរយានយន្ដគ្រប់ប្រភេទ ពិសេសអ្នកបើកបររថយន្តដឹកកម្មករ កម្មការិនីនិងបងប្អូនកម្មករនិយោជិត គឺជាការងារដ៏ចាំបាច់មួយដែលយើងត្រូវបន្តធ្វើនិងធ្វើជាប្រចាំ ដើម្បីរួមចំណែករក្សាបាននូវសុខសុវត្ថិភាពក្នុងពេលធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ព្រោះកន្លងមកករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន បណ្ដាលមកពីការបើកបរហួសល្បឿនកំណត់ បើកបរមិនគោរពសិទ្ធិអាទិភាព ត្រង់ផ្លូវប្រសព្វ ការបើកបរជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ការបត់ឆ្វេង បត់ស្ដាំ បត់ត្រឡប់ក្រោយមិនបានត្រឹមត្រូវ មិនប្រកាន់ស្ដាំ និងមិនបានត្រួតពិនិត្យ យានយន្ដតាមលក្ខណៈបច្ចេកទេស ។

ការលើកឡើងនេះក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់យុវជនបង្គោលស.ស.យ.ក ក្នុងខេត្តកំពង់ស្ពឺ ១៥០នាក់ ក្រោមប្រធានបទ(យុវជនល្អ គោរពច្បាប់ចរាចរណ៍ បើកបរមានសុវត្ថិភាព) ដែលរៀបចំដោយមន្ទីរសារធារការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនិងជាប្រធានផ្នែកការងារដឹកជញ្ជូននៃសហភាពសហពន្ធ័យុវជនកម្ពុជាក្នុងវិស័យសាធារណៈការនិងដឹកជញ្ជូន បានជំរុញលើកទឹកចិត្ត ដល់គ្រប់ក្រសួង ស្ថាប័ន ផ្នែកពាក់ព័ន្ធពិសេសយុវជនបង្គោលត្រូវបង្កើនការអប់រំ ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យកាន់តែទំលំទូលាយ និងបញ្ជ្រាបនូវហានិភ័យ ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ ឱ្យគ្រប់គ្នាបានដឹងជាប្រចាំដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលជាឃាតករលាក់មុខ។ទន្ទឹមជាមួយគ្នានេះក៏តម្រូវឱ្យប្រជាពលរដ្ឋទូទាំងប្រទេស មានការចូលរួមទាំងអស់គ្នាដើម្បីកាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ចរាចរណ៍ ហើយនៅពេលដែលអត្រាគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសមានការធ្លាក់ចុះមកនៅកម្រិតទាប វាជាចំណែកមួយក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនផងដែរ ។

លើកឡើងក្នុងឱកាសនោះដែរលោក សរ សុពុត្រា អភិបាលរងនិងប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាខេត្តកំពង់ស្ពឺបានរំពឹងយ៉ាងមុតមាំថា វគ្គបណ្ដុះបណ្ដាលនេះនិងជួយបង្កើនចំណេះដឹង ឱ្យកាន់តែច្បាស់លើផ្នែកទ្រឹស្តីវិជ្ជាជីវៈ ការចូលរួមអនុវត្តច្បាប់ សីលធម៌ក្នុងពេលបើកបរ ជូនដល់បងប្អូនអ្នកបើកបរយានយន្ដទាំងអស់ ពិសេសអ្នកដឹកកម្មករនិងបងប្អូនកម្មករនិយោជិតលើការការពារសុវត្ថិភាពផ្ទាល់ខ្លួន។ហើយក្នុងនាមយើងទាំងអស់គ្នាជាយុវជនបង្គោលត្រូវចូលរួមយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ និងក្រើនរំលឹកដល់បងប្អូន កម្មករនិយោជិតឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលចេញដំណើរ កាន់ចង្កូតឡាន ចង្កូតម៉ូតូ ត្រូវចងចាំថាអាយុជីវិតបងប្អូនគឺពឹងនៅលើអ្នកបើកបរ មធ្យោបាយប្រើប្រាស់ និងនៅលើដងផ្លូវ ដែលទាមទារដាច់ខាតនូវការគោរពច្បាប់ចរាចរណ៍ ការពិនិត្យបច្ចេកទេសយានយន្ដ និងស្ថានភាពផ្លូវ ដែលកំពុងប្រើប្រាស់ ។

ទន្ទឹមនិងនោះដែរ លោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាននៃអនុគណកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង១០ខែក្នុងឆ្នាំ២០២៣នេះមានចំនួន៨០លើក លើ៧២លើក មានការកើនឡើង៨លើកស្មើនិង១០%បើប្រៀបធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះបណ្តាលឱ្យមនុស្សរងគ្រោះថ្នាក់ចំនួន២៨៣នាក់ ស្រី១២២នាក់ ស្លាប់៣០នាក់ ស្រី៥នាក់ របួសធ្ងន់១០៥នាក់ ស្រី៣៧នាក់ និងរបួសស្រាល១៤៨នាក់ ស្រី៨០នាក់ ។ក្នុងនោះបង្កឱ្យមានការខូចខាតរថយន្ត៦៥គ្រឿង ម៉ូតូ៩៨គ្រឿង និងគោយន្ត៣គ្រឿង។កត្តាទាំងនេះគឺផ្តើមចេញពីការបើកបរល្មើសល្បឿនដែលបានកំណត់ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរខ្វះការប្រុងប្រយត្ន័ បើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ជាដើម ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This