ក្រុមការងារជំនាញសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ជួសជុលកែលម្អផ្លូវលេខ៧៦ ដើម្បីសម្រួលដល់ការធ្វើដំណើរ បញ្ជាសគ្រោះថ្នាក់ និងឆ្លើយតបទៅនិងកំណើនភ្លៀវទេសចរក្នុងខេត្ត

ខេត្តមណ្ឌលគិរី ៖ សសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្តមណ្ឌលគិរី ត្រូវបានជុសជុលកែលម្អឡើងវិញ ដើម្បីសម្រួលដល់ការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេសជាការឆ្លើយតបទៅនិងកំណើនភ្លៀវទេសចរ ដែលធ្វើដំណើរកម្សាន្តក្នុងខេត្តមួយនេះ។

លោក រស់ គីមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រុមការងារជំនាញបានបង្កើនសកម្មភាពចុះជុសជុលផ្លូវ និងកាត់សម្អាតព្រៃអមសងខាងផ្លូវជាតិ ជាពិសេសផ្លូវជាតិលេខ៧៦ចាប់ពីព្រំប្រទល់ខេត្តក្រចេះ ដល់ព្រំប្រទល់ខេត្តរតនគិរី លែងមានជង្ហុកសំបុកមាន់ទៀតហើយ។ លោកប្រធានមន្ទីរបន្តថា ក្រុមការងារជំនាញបានបន្ស៊ីស្នាមប្រេះ សម្អាតចិញ្ចើមថ្នល់ សម្អាតប្រឡាយទឹក ថែទាំបង្គោលសុវត្ថិភាព រួមមានបង្គោលបង្ហាញផ្លូវកោង បង្គោលគីឡូម៉ែត្រ ស្លាកសញ្ញាមួយចំនួនដែលមានព្រៃឈើបាំង គឺបានធ្វើសកម្មភាពជាប្រចាំ( រៀងរាល់ថ្ងៃ)។
លោកបន្តថា គម្រោងទាំងនេះគឺជាគម្រោងថែទាំជាប្រចាំ ពោលគឺកាត់បន្ថយនូវកំហូចផ្លូវប្រភេទតូចៗ ដើម្បីបង្ការកុំឲ្យបងប្អូនប្រជាពលរដ្ឋបើកបរម៉ូតូ ឬរថយន្ត ជួបប្រទះគ្រោះថ្នាក់ជាយថាហេតុ។ ចំណែកគម្រោងមួយទៀតគឺ គម្រោងថែទាំខួបគម្រោងនេះគឺផ្តោតសំខាន់ទៅលើកំណាត់ផ្លូវណាដែលមានភាពទ្រុឌទ្រោមខ្លាំង រមួល ស្រុតប៉ោង មានបញ្ហាដល់គ្រឹះជ្រៅ យើងត្រូវកាត់ជុសជុលវាឡើងវិញ ជាកំណាត់ៗ ទៅតាមស្ថានភាពរបស់ផ្លូថ្នល់ ដើម្បីកែលម្អតួរថ្នល់ សោភ័ណ្ឋភាពផ្លូវ ងាយស្រួលក្នុងការធ្វើចរាចរណ៏ ព្រោះនៅពេលដែលផ្លូវមានបញ្ហា រមួលឬស្រុតខ្លាំង អ្នកដំណើរបើកបរលឿនអាចកើតមានគ្រោះថ្នាក់ នឹកស្មានមិនដល់។

ឆ្លើយតបទៅនឹងការលើកឡើងជុំវិញសកម្មភាពគ្រប់គ្រងថែទាំផ្លូវជាតិក្នុងខេត្តមណ្ឌលគិរី លោក រស់ គីមធន បញ្ជាក់ថា បច្ចុប្បន្ននៅខេត្តមណ្ឌលគិរី មិនទាន់មានជញ្ជីងថ្លឹងរថយន្តទេ។ ប៉ុន្តែមន្ទីរ បានធ្វើសំណើរទៅក្រសួង ដើម្បីស្នើសុំថវិកាសាងសង់ស្ថានីយ៏ថ្លឹងរថយន្តមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ៧៦ តែក្រសួងសេដ្ឋកិច្ចមិនទាន់មានកញ្ចប់ថវិកាសម្រាប់ផ្តល់ក្នុងការសាងសង់នោះនៅឡើយទេ។ ទោះបីមិនអាចសាងសង់ស្ថានីយ៏ថ្លឹងរថយន្តទាន់ក្នុងឆ្នាំ២០២២នេះ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានអះអាងថា ក្រុមការងារមិនបណ្តែតបណ្តោយឡើយ រាល់សកម្មភាពដឹកជញ្ជូនលើសទម្ងន់ពីសំណាក់រថយន្តខ្នាតធំ ក្នុងនោះក្រុមការងារជំនាញ បានចុះអប់រំណែនាំ និងហាមឃាត់ការដឹកលើសចំណុះគ្រប់ប្រភេទ ដែលអាចនាំដល់ការខូចខាតដល់ផ្លូវថ្នល់។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ៧៦ដែលតភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំនុចផ្លូវបំបែកស្រុកស្នូល ខេត្តក្រចេះ រហូតដល់ចំនុចតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៨ ស្រុកលំផាត់ ខេត្តរតនគិរី មានប្រវែង២៩៩គីឡូម៉ែត្រ ហើយស្ថិតក្រោមការគ្រប់គ្រងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ប្រមាណជិត២០០គីឡូម៉ែត្រ បានជួយធ្វើឲ្យជីវភាពប្រជាពលរដ្ឋធូរធារមួយកម្រិត ដ្បិតការដឹកជញ្ជូនកសិផលបានទាន់ពេល ហើយភ្ញៀវទេសចរអាចឆ្លងកាត់បានយ៉ាងងាយស្រួល៕

 

CATEGORIES
Share This