រោងចក្រផ្គុំ និងដំឡើងរថយន្ត Ford នឹងបើកដំណើរក្នុងខែមេសាខាងមុខ នៅខេត្តពោធិ៍សាត់

ភ្នំពេញ៖ រោងចក្រផ្គុំ និងដំឡើងរថយន្ត យីហោ Ford របស់ក្រុមហ៊ុន RMA Automotive (Cambodia) មានទីតាំងនៅខេត្តពោធិ៍សាត់ នឹងបើកដំណើរការ នៅក្នុងខែមេសា ខាងមុខនេះ ខណៈបច្ចុប្បន្នគម្រោងនៃការរៀបចំបានប្រព្រឹត្តទៅដោយរលូន ទៅតាមផែនការដែលបានគ្រោងទុក។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) បានថ្លែងលើកឡើង​ក្នុង​កិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២នេះថា គិតមក​ដល់ពេលនេះ ក្រុមហ៊ុនបានសាងសង់សម្រេចបាន ៨០% រួចហើយ នៅក្នុងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបច្ចុប្បន្នគម្រោងនេះ បានកំពុងសាងសង់ និងរៀបចំឧបករណ៍នៃការផ្គុំ តម្លើង ដោយប្រព្រឹត្តទៅដោយរលូន តាមផែនការដែលបានគ្រោងទុក នឹងឈានទៅបើកដាក់ឲ្យដំណើរការ​ជាផ្លូវការ នៅក្នុងខែ មេសា ឆ្នាំ ២០២២ ខាងមុខនេះ។

លោក ងន សាំង បន្តថា ជុំវិញកិច្ចដំណើរនេះ ចំពោះផ្នែកធនធានមនុស្ស គិតមកដល់ពេលនេះ​ក្រុមហ៊ុន​បាន​ជ្រើសរើស​បុគ្គិលជំនាញ, បុគ្គលិក​ និងកម្មករបម្រើការងារទូទៅ ដោយបាន​បណ្តុះ​បណ្តាល​ជំនាញជូនពួគគាត់ស្ទើរចប់ ១០០%

ក្រុមហ៊ុន​នឹង​ដំឡើង​រថយន្តពីរម៉ូដែល នៅក្នុងផែនការដំឡើង​ចំនួន ៤ ៥០០ គ្រឿង ដើម្បីឆ្លើយតប​ទៅ​នឹងតម្រូវការប្រើប្រាស់ក្នុងស្រុក ។

លោក បានលើកឡើងបន្តថា ជុំវិញការផ្គុំ និងដំឡើង​រថយន្ត កម្ពុជានឹងទទួលបាន​អត្ថប្រយោជន៍​ជាច្រើនដូចជា៖ លំហូរនៃបច្ចេកវិទ្យាថ្មីៗចូលមកកម្ពុជាសម្រាប់បម្រើការងារទីផ្សារក្នុង ស្រុក ការស្រូបយកវិនិយោគិនថ្មីៗបន្ថែម។ ជាក់ស្តែងមកដល់ពេលនេះ មានក្រុមហ៊ុនផ្សេងៗជាច្រើន មកទំនាក់ទំនងក្នុងការបង្កើតរោងចក្រសម្រាប់ផ្គត់ផ្គង់សម្ភារៈផ្សេងៗ ទៅឲ្យក្រុមហ៊ុន FORD សម្រាប់ការផ្គុំ និងដំឡើង និងសម្រាប់ទីផ្សារនាំចេញរបស់ក្រុមហ៊ុនទាំង នោះផងដែរ។

សូមបញ្ជាក់ថា៖ ជុំវិញការប្រើប្រាស់យានយន្តនៅកម្ពុជា បើតាមរបាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូនបង្ហាញឲ្យដឹងថាកំណើនរថយន្ត ​និងទោចក្រយានយន្ត ដែលចរាចរណ៍នៅ​តាមដងផ្លូវ​នាពេលបច្ចុប្បន្ន ធៀបនឹងឆ្នាំ១៩៩៨ ចំនួនរថយន្ត មានការកើនឡើងប្រមាណពី ៦,៥ ម៉ឺនគ្រឿង រហូតដល់ ៩២ ម៉ឺនគ្រឿង ចំណែកចំនួនទោចក្រយានយន្តវិញ កើនឡើងប្រមាណពី ២០ ម៉ឺនគ្រឿង រហូតដល់ ៥,២ លានគ្រឿង៕

ប្រភព៖ BTV News

CATEGORIES
Share This