អស់​ទាស់​ Messi ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី ៥០០ ​របស់​ខ្លួន​ ឈ្នះ Real Madrid ចុង​ម៉ោង​

201

បាល់ទាត់ ៖ ​Lionel Messi ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី ៥០០ របស់​ខ្លួន​អោយ Barcelona ​និង ជា​គ្រាប់​ជ័យ​ជំនះ​អោយBarcelona ឈ្នះ Real Madrid ចុង​ម៉ោង ៣–២​ ក្នុង​ជំនួប El Clasico យប់​ថ្ងៃអាទិត្យ ​ម្សិល​ម៉ិញ​។

​កីឡាករ​ប្រេ​ស៊ី​ល Casemiro ជា​អ្នក​បើក​ការនាំ​មុខមុន​អោយ​ម្ចាស់ផ្ទះ​ Real Madrid នៅ​នាទី​ទី ២៨ សល់​ពី​ការ ​ស៊ុត​បុក​បង្គោល​ទី​របស់​ខ្សែការពារ Sergio Ramos​។ តែ​ក្រុម​របស់លោក​ Luis Enrique ក៏​តាម​ស្មើ​វិញ​នៅ​នាទី​ទី ៣៣ ​ដោយ Lionel Messi បន្ទាប់ពី​ខកខាន​ស៊ុត​បញ្ចូល​ទី​ក្នុង​ជំនួប El Clasico ៦ លើកចុងក្រោយ​។

ចូល​វគ្គ​ទី​ពីរ Barcelona ក៏​រក​គ្រាប់​នាំមុខ​វិញ​លើកដំបូង ដោយ​ការ​ស៊ុត​ពី​ចំងាយ​របស់​កីឡាករ​ក្រូ​អាត Ivan Rakitic ធ្វើអោយ​អ្នកគាំទ្រ Real Madrid នៅ Santiago Bernabeu បាត់មាត់ឈឹង​។ តែ​អ្វីៗ​ត្រូវបាន​ស្រោចស្រង​វិញ ក្រោយ James Rodriguez ជា​អ្នក​ស៊ុត​តាម​ស្មើ​អោយ Real Madrid ២–២ នៅ​នាទី​ទី ៨៥​។

​តែ Real Madrid ដែលមាន​គ្នា​តែ ១០ នាក់​តាំងពី​នាទី​ទី ៧៧ ក្រោយ Sergio Ramos ទទួលបាន​កាត​ក្រហម នោះ ក៏បាន​បាត់​មួយ​ពិន្ទុ ក្រោយ​កីឡាករ​អា​ហ្ស​ង់​ទីន Lionel Messi ស៊ុត​បញ្ចូល​ទី​យកឈ្នះ​នៅ​នាទី​ទី ៩០+២​។

ជ័យជំនះ​នេះ​ធ្វើអោយ Barcelona ឡើងមក​ឈរលើ​គេ​វិញ​មាន ៧៥ ពិន្ទុ ស្មើគ្នា​ជាមួយ Real Madrid តែ ក្រុម​របស់លោក Zinedine Zidane នៅសល់​មួយ​ប្រកួត​ក្នុង​ដៃ​៕

ចំណែក