លោក ហ៊ុន ម៉ានិត ៖ការងារហ្វឹកហ្វឺនជាជ្រុងអាទិភាពមួយនៃការកែទម្រង់កងយោធពលខេមរភូមិន្ទ

កំពង់ស្ពឺ៖ អគ្គមេបញ្ជាការរងកងទ័ពជើងគោក អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានលើកឡើងថាការងារហ្វឹកហ្វឺនគឺជាជ្រុងអាទិភាពមួយនៃការកែទម្រង់កងយោធពលខេមរភូមិន្ទ។ហើយបច្ចុប្បន្នកងយោធពលខេមរភូមិន្ទកំពុងធ្វើការអភិវឌ្ឍធនធានមនុស្សដើម្បីបង្កើនប្រសិទ្ធិភាពការងារនិងប្រៀបការពារជាតិ។ការណ៍នេះធ្វើឡើងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៨ បើកវគ្គជំនាញទី២៩ និងសម្ពោធសមិទ្ធផលនានា ព្រមទាំងបញ្ចុះបឋមសិលាសាងសង់អគារទីបញ្ជាការថ្មីមួយខ្នង កម្ពស់២ជាន់ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្សថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានលើកឡើងដោយគូសបញ្ជាក់ថា កងយោធពលខេមរភូមិន្ទជាបណ្តើរៗបានធ្វើការអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការបណ្តុះបណ្តាលយោធិនអាជីពនិងការបង្កើនគុណភាពហ្វឹកហ្វឺនបំប៉នជំនាញឯកទេសស្របទៅតាមស្ថានភាព
និងតម្រូវការនៃសំណូមពរភារកិច្ចចំពោះមុខរបស់អង្គភាពនីមួយៗក៏ដូចជាទិសដៅទស្សនវិស័យនៃដំណើរការកែទម្រង់ទាំងមូល។

ជាមួយនោះលោកឧត្តមសេនីយ៍ឯកមេបញ្ជាការរងកងទ័ពជើងគោក អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវ ចារកិច្ច បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអណត្តិទី៧នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានដាក់ចេញនូវគោលនយោបាយកំណែទម្រង់ក្នុងវិស័យខេមរភូមិន្ទ សំដៅសំដៅធ្វើទំនើបកម្មនិងបង្កើនសមត្ថភាព វិជ្ជាជីវៈកងទ័ព ដើម្បីធានាដល់ប្រៀបការពារប្រកបដោយប្រសិទ្ធិភាព ឯករាជ អធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព សន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។

ទន្ទឹមនោះដែរលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានជំរុញឱ្យកងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរដែនដីត្រូវបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសនានាដើម្បីរក្សាបាននូវសែចក្តីសុខ សុខដុមរមនាជូនប្រជាពលរដ្ឋ ហើយជាមួយនោះកងទ័ពដែលទើបបញ្ចប់វគ្គហ្វឹកហ្វឺនត្រូវយកចំណេះ ជំនាញដែលបានហ្វឹកហាត់កន្លងមក ទៅបំពេញក្នុងអង្គភាពធ្វើយ៉ាងណាឱ្យអង្គភាពទទួលបានភាពរីកចម្រើន ពិសេសការពារនូវបូរណភាពទឹកដីដ៏ផូរផង់នៃយើង។

CATEGORIES
Share This