សម្តេច​ក្រឡាហោម ​ច្រានចោល​​​នូវ​ព័ត៌មាន​មួយ​ចំនួន​ផ្សាយ​ថា ​លោក​ឧ​ត្ត​ម​សេនីយ៍​ ស​ ថេត ​​ជា​ប្អូន​ប្រុស​បង្កើត​របស់​សម្ដេច

418

ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ​​ ​បាន​ច្រាន​ចោល​​​រាល់​នូវ​ព័ត៌មាន​មួយ​ចំនួន​ផ្សាយ​ថា ​​លោក​ឧ​ត្ត​ម​សេនីយ៍ ស​ ថេត​ ​គឺជា​ប្អូន​បង្កើត​របស់​សម្ដេច​ ។​ សម្ដេច​​ ​ក្រឡាហោម ​​​​បាន​បញ្ជាក់​ជូន​ថា ​​មិន​ដឹង​ថា​ ​​សារព័ត៌មាន​ទាំងនោះ​ បាន​ប្រភព​មក​ពីណា​ ឬក៏​សន្និដ្ឋាន​ដោយ​គ្មាន​ប្រភព​នោះ​ទេ ។​​

យោង​តាម​ផេក​ហ្វេស​ប៊ុក​ផ្លូវការ​របស់​​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​​ ​​​​នៅមុន​នេះ​បន្ដិច ​​ថ្ងៃទី​១២​ ខែកញ្ញា ​ឆ្នាំ​២០១៨នេះ ​បាន​បញ្ជាក់ថា ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ ​មាន​សារព័ត៌មាន ជាច្រើន​បាន​ផ្សព្វផ្សាយ​ពី​ការ​ផ្ទេរ​តំណែង ​និង​ ការ​ប្រគល់​ភារកិច្ច​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ជូន​ លោក​ឧ​ត្ត​ម​សេនីយ៍ ស ថេត ។ ​អ្វីដែល​ខ្ញុំ​កត់សម្គាល់ ​និង ចង់​បញ្ជាក់​នៅ​ពេលនេះ ​គឺ ​សារព័ត៌មាន​មួយ​ចំនួន ​បាន​ផ្សព្វផ្សាយ​ថា ​លោក​ឧ​ត្ត​ម​សេនីយ៍ ស ថេត​ គឺជា​ប្អូន​បង្កើត​របស់ខ្ញុំ ​។​ ខ្ញុំ​មិន​ដឹង​ថា​ សារព័ត៌មាន​ទាំងនោះ​ បាន​ប្រភព​មក​ពីណា​ ឬក៏​សន្និដ្ឋាន​ដោយ​គ្មាន​ប្រភព​នោះទេ​ ​ប៉ុន្តែ​ខ្ញុំ​សូម​គូស​បញ្ជាក់​ថា​ លោក​ឧ​ត្ត​ម​សេនីយ៍ ​ស ថេត​ មិនមែន​​ជា​ប្អូន​បង្កើត​ របស់ខ្ញុំ ​​ដូចដែល​សារព័ត៌មាន​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​នោះទេ​ ។

គួរបញ្ជាក់ថា ​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មី​ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ​បានធ្វើការ​ប្ដេជ្ញាចិត្ត ​យ៉ាង​មុតមាំ​ ក្នុងការ​គោរព​នូវ​បញ្ជា​នានា ​ពី​ថ្នាក់ដឹកនាំ ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ជាតិ ​ក៏ដូចជា​ ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើ​រ រួមទាំង​ប្រតិបត្តិ​ឲ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​រដ្ឋធម្មនុញ្ញ​និង​បទបញ្ញត្តិ ​ផ្សេងៗ​ទៀត​។​

ការប្តេជ្ញា​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត នេះ​គឺ​បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មី ខណៈ​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ត្រូវបាន ព្រះមហាក្សត្រ​ខ្មែរ​ត្រាស់បង្គាប់​តែងតាំង ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រៀង​ញៀន​មាន​ឋានៈ​ស្មើ​និង​រដ្ឋមន្ត្រី​នោះ​។

ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​អះអាងថា ឯកឧត្តម​សូម​ធ្វើការ​ប្ដេជ្ញាចិត្ត​អនុវត្តន៍ យ៉ាង​ស្មោះត្រង់ បំផុត​ចំពោះ​ជាតិ សាសនា​ ព្រះមហាក្សត្រ គោរព​និង​ប្រតិបត្តិ​យ៉ាង​ម៉ឹងម៉ាត់ ចំពោះ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​គោរព និង​អនុវត្តន៍​តាម​កម្មវិធី​នយោបាយ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ប្រតិបត្តិ​យ៉ាង​ម៉ឹងម៉ាត់​ និង​ដោយ​សច្ចធម៌ ​ចំពោះមុខ​ច្បាប់​និង​បទបញ្ញត្តិ​ផ្សេងៗ របស់​ថ្នាក់ដឹកនាំ​គ្រប់លំ​ដាប់​ថ្នាក់ យក​អស់កម្លាំង ​កាយ​ចិត្ត​នូវ​គំនិត​ប្រាជ្ញា ដើម្បី​បម្រើសេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ រក្សា​សាមគ្គីភាព​ផ្ទៃក្នុង និង​អង្គភាព​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ឲ្យ​បានល្អ​ប្រសើរ​បន្ថែមទៀត​។

​​ឯកឧត្តម​បាន​បន្ថែមទៀតថា ដើម្បី​សម្រេចបាន​ការងារ​ថ្មីៗ​ត្រូវមាន​ការចាំបាច់​ស​ហ​ប្រតិបត្តិការ​ពី​សំណាក់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ​ដែលមាន​កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន អង្គការ​ជាតិ​-​អន្តរជាតិ ក្នុង​ការ​សំដៅ​ឆ្លុះបញ្ចាំង​អំពី​ចំណុច​អវិជ្ជមាន​មួយ​ចំនួន ដើម្បី​ធានា​អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ទទួលបាន​ជោគជ័យ​ដ៏​ត្រ​ជះ​ត្រចង់​ផងដែរ​។​

ឯកឧត្តម​ បានបញ្ជាក់​ទៀតថា កត្តា​ដែល​នាំ​ឲ្យ​រាជធានី​ភ្នំពេញ​មាន​សន្តិសុខ ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​បានល្អ ​គឺជា​ជោគជ័យ​នៃ​ការអនុវត្ត​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​ដំណាក់កាល​ទី​៤ ​និង​ការអនុវត្ត​ទិសដៅ ដែល​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ដាក់ចេញ​។​

សូមបញ្ជាក់ថា​ពិធី ប្រកាស​ចូលកាន់​តំណែង ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មី ឧ​ត្ត​ម សេនីយ៍​ឯក ស ថេត ត្រូវ​ចូលកាន់​តំណែង​ជំនួស នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ក្រោម អធិបតីភាព ឯកឧត្តម ចាន់ អ៊ា​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​ផងដែរ​៕

ចំណែក