អភិបាលខេត្តព្រះវិហារ ផ្ដាំផ្ញើដល់កម្មសិក្សាការី ត្រូវយកចំណេះដឹង ជំនាញ ប្រើប្រាស់ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់

ព្រះវិហារ៖ ការថ្លែងផ្ដាំផ្ញើរបស់ឯកឧត្តមអភិបាលខេត្តបែបនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនឆ្នាំ២០២២ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ទូទៅ ដើម្បីពង្រឹងសមត្ថភាពយោធិនឆ្នាំ២០២៣ ឱ្យទទួលបានជំនាញច្បាស់លាស់ក្នុងយុទ្ធវិធី ថ្មើជើង ដែលធ្វើឡើងនៅទីបញ្ជាការកងពលធំអន្ដរាគមន៍លេខ៣ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២៣។ ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ មេបញ្ជាការ មេបញ្ជាការរង បណ្ដាអង្គភាពប្រចាំ ទិសទី១ ប្រាសាទព្រះវិហារ មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំង យោធាចារ្យ កម្មសិក្សាការី នាយទាហាន នាយទាហាន រង និងពលទាហានជាច្រើនរូបទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក៏បានពាំនាំនូវ ការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសនៃការ ត្រៀមព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នាពេលខាងមុខនេះ។ ទន្ទឹមនេះឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលធំលេខ៣ កងពលតូចលេខ ៧,៨,៩ កងកម្លាំង វរៈនគរបាលការពារព្រំដែន និងបណ្ដាកងឯកភាពដែលឈរជើងនៅតាមបណ្ដាខ្សែ បន្ទាត់ព្រំដែនកម្ពុជា-ថៃទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាង ឃ្លាត ឆ្ងាយពីក្រុមគ្រួសារ ប្រពន្ធកូន ផ្ទះសម្បែង បំពេញភារកិច្ចទាំងយប់ ទាំងថ្ងៃ ចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្ដិភាព បូរណភាពទឹកដី និងការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។

ជាមួយនេះឯកឧត្តម គីម រិទ្ធី ក៏បានផ្ដល់អនុសាសន៍ផ្ដាំផ្ញើរដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន សូមបន្ដយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ច និងផ្ដោតសំខាន់លើអាទិភាពមួយចំនួន មានជាអាទ៍ៈ ត្រៀមលក្ខណៈនានា ទាំងកម្លាំង មធ្យោបាយ និងបច្ចេកទេស ក្នុងការជួយសង្គ្រោះគ្រោះមហន្ដរាយនានា, បន្ដលើកកម្ពស់ស្មារតីស្រឡាញ់ជាតិ មាតុភូមិ និងប្រជាជន, ត្រូវយកចំណេះដឹង ជំនាញ ដែលទទួលបាននេះ យកទៅប្រើប្រាស់ឱ្យចំ គោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខ សន្ដិភាព និងសេចក្ដីសុខសាន្ដជូនប្រជាជន មិនឱ្យជនណាមកបំផ្លិចបំផ្លាញបានឡើយ។

បន្ថែមពីនេះសូមបណ្ដាអង្គភាពពាក់ព័ន្ធទាំងអស់ រៀបចំផែនការហ្វឹកហ្វឺនជំនាញផ្សេងៗ ដើម្បីបន្ដពង្រឹងសមត្ថភាពកងកម្លាំង ទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង សម្ដៅចូលរួមចំណែក ក្នុងការអនុវត្តផែនការកែទម្រង់កងកម្លាំង ខឿនការពារជាតិ និងគោលនយោបាយរបស់រាជរដ្ឋា ភិបាលលើវិស័យការពារជាតិ ឱ្យទទួលបានជោគជ័យ៕

 

CATEGORIES
Share This