រដ្ឋមន្ត្រីសាធារណការណែនាំមន្ទីរបន្តខិតខំបំពេញការងារឱ្យមានប្រសិទ្ធិភាពខ្ពស់ដើម្បីចូលរួមសម្រេចគោលដៅរបស់ក្រសួង បម្រើដល់ប្រយោជន៍សាធារណៈ

កំពង់ស្ពឺ៖ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីសាធារណការខេត្តកំពង់ស្ពឺ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកដឹកជញ្ជូនបានណែនាំឱ្យមន្ត្រីនៃមន្ទីរខិតខំបំពេញការងារប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដើម្បីចូលរួមសម្រេចនូវគោលដៅរបស់ក្រសួងនិងបម្រើដល់ផលប្រយោជន៍សាធារណៈ។

លោក ប៉េង ពោធិ៍នា បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដែលផ្តល់អាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលក្នុងនោះវិស័យផ្លូវថ្នល់ត្រូវបានផ្តល់ជាវិស័យអាទិភាពក្នុងការបម្រើដល់ការដឹកជញ្ជូននិងការធ្វើដំណើរ។ជាមួយនោះក្រសួងសាធារណការនិងដឹកជញ្ជូនដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក៏បាននិងគិតគូ ពិសេសលើយន្តការថ្មីៗដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់និងការដឹកជញ្ជូនដែលមានភាពធន់ឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។

រដ្ឋមន្ត្រីក្រសួងសាធារការលោក ប៉េង ពោធិ៍នា ក៏បានជម្រុញបន្ថែមឱ្យមន្ទីរសាធារណការខេត្តត្រូវបន្តលើកកម្ពស់សេវាដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធិភាព គុណភាព លឿនរហ័សនិងស្អាតស្អំ ។ត្រូវបន្តលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនពហុមធ្យោបាយ ភស្តុភាកម្ម និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ ផ្លូវថ្នល់ ស្ពាន ផ្លូវដែកនិងផ្លូវទឹក។ហើយដើម្បីឱ្យអាទិភាពចម្បងចំនួនពីរនេះអាចសម្រេចបាន យើងត្រូវមានយន្តការគាំទ្រចំនួន៤ទី១-ពង្រឹងប្រសិទ្ធិភាពអភិបាលកិច្ចរបស់ក្រសួងនិងអភិវឌ្ឍន៍ធនធានមនុស្ស ទី២-ប្រព្រឹត្តកម្មនៃប្រភពថវិកា ពង្រីកការគ្រប់គ្រង និងប្រសិទ្ធិភាពនៃការប្រើប្រាស់ថវិកា ស្វែងរកដៃគូអភិវឌ្ឍន៍ ដៃគូវិនិយោគសាធារណៈព្រមទាំងពង្រឹងការរៀបចំថវិកាកម្មវិធីនិងគម្រោងវិនិយោគសាធារណៈ ការកឬទម្រង់ប្រពន្ធ័គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ទី៣-ពង្រីក ពង្រឹងការងារនាដកម្មនិងការកសាងបទដ្ឋានបច្ចេកទេស ជម្រុញរៀបចំគោលនយោបាយច្បាប់ បទបញ្ញតិនិងបទដ្ឋានបច្ចេកទេសដើម្បីពង្រឹងភាពច្បាស់លាស់និងទិដ្ឋភាព ទាំងទិដ្ឋផ្លូវច្បាប់និងការងារបច្ចេកទេសក្នុងវិស័យសាធារណការនិងដឹកជញ្ជូន និងទី៤-ពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបនិងឌីជីថលក្នុងការគ្រប់គ្រងស្ថាប័ននិងការផ្តល់សេវាសាធារណៈ។

ជាមួយនោះរដ្ឋមន្ត្រីក្រសួងសាធារណការក៏បានក្រើនរំលឹកបន្ថែមទៅដល់មន្ត្រីគ្រប់គ្រងជញ្ជីង ដែលកន្លងមកតែងតែមានការរិះគន់ពីភាពអសកម្មនិងពុករលួយរបស់មន្ត្រីដែលទទួលការងារនេះ។ហើយដើម្បីបង្កើនប្រសិទ្ធិភាពនិងតម្លាភាព មន្ត្រីទទួលបន្ទុកជញ្ជីងត្រូវពិនិត្យនិងកែសម្រួលឡើងវិញជាបន្ទាន់ដើម្បីជៀសវាងការសាងកំហុសបន្ថែមទៀត។ហើយទន្ទឹមនេះក្រសួងក៏គ្រោងបំពាក់បន្ថែមនូវបច្ចេកវិទ្យាដើម្បីតាមដាននូវរាល់សកម្មរបស់មន្ត្រីផងដែរ។

សូមបញ្ជាក់ផងដែរថាក្នុងឱកាសជួបសំណេះសំណាលនោះរដ្ឋមន្ត្រីក្រសួងសាធារណការផ្តល់ជូននូវសម្ភារៈនិងផ្លាកសញ្ញាសុវត្ថិភាពការដ្ឋានផ្លូវថ្នល់សម្រាប់បម្រើដល់ការថែទាំជួសជុលផ្លូវក្នុងភូមិសាស្ត្រខេត្តដែលមន្ទីរទទួលបន្ទុកផងដែរ។

CATEGORIES
Share This