ភាគីអះអាងថា ជាជនរងគ្រោះ ស្នើសុំស្ថាប័នពាក់ព័ន្ធមានវិធានការផ្លូវច្បាប់ចំពោះលោក យ៉ាន់ ម៉េងហាក់ មេបញ្ជាការរងក្រុងព្រះវិហារ

ព្រះវិហារ៖ ភាគីប្រជាពលរដ្ឋស្លូតត្រង់ ដែលអះអាងថា ជាជនរងគ្រោះ​បានស្នើសុំដល់ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការផ្លូវច្បាប់ចំពោះលោក ​យ៉ាន់ ម៉េងហាក់ ដែលមានតួនាទីមេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថក្រុងព្រះវិហារថា ​បានប្រើអំពើ​ហិង្សា​លើខ្លួន នឹងចូលកាត់សោផ្ទះ​របស់គាត់​យកទ្រព្យសម្បត្តិអស់មួយចំនួន ​ខណៈម្ចាស់ផ្ទះមិននៅ។

ពាក់ព័ន្ធករណីខាងលើនេះ ប្រជាពលរដ្ឋជនរងគ្រោះ បានដាក់ពាក្យបណ្តឹងមកតុលាការ ចាប់​តាំង ពីថ្ងៃទី២៣ ខែវិចិ្ឆការ ឆ្នាំ២០២២មកម្ល៉េះ ​ដើម្បីអោយស្ថាប័នតុលារការ​ រកយុត្តិធម៌ជូនពួកគាត់ ប៉ុន្ដែមកទល់ពេលនេះពួកគាត់​មិនទាន់​ទទួលបានយុត្ដិធម៌នៅឡើយទេ ​ដោយលោក យ៉ាន់ ម៉េងហាក់ ​កំពុងរស់នៅក្រៅសំណាញ់ច្បាប់ និងមិនបានចូលខ្លួនមកដោះស្រាយនោះឡើយ ។

បើតាមលោកស្រី នឿន សុកឃាង និងឈ្មោះ នឿន វ៉ាននី ជាជនរងគ្រោះដើមបណ្ដឹង បាន​លើក​ឡើងថា ខណៈលោកស្រីកំពង់ឈ្លោះប្រកែកគ្នា​ ឈ្មោះយ៉ាន់ ម៉េងហាក់ ស្ទុះទៅចាប់​បោក​លោកស្រីផ្ទប់ទៅនឹងដី រួចប្រើកែងដៃមកសង្កត់បំពង់ក​ ត្រូវរបួសជាច្រើនកន្លែង ហាក់បីដូចជា​លោកស្រីជាជនល្មើសអញ្ចឹង។

លោកស្រី បានបន្តថា​ ពេលប្រើ​អំពើហិង្សា​លើ​លោកស្រីហើយ លោក យ៉ាន់ ម៉េងហាក់ បាន​ហៅ​បក្សពួកមកវាយលើ​លោកស្រីបន្ថែមទៀត​ និង​ទាញទូរស័ព្ទរបស់លោកស្រី ​ដែលកំពុងថត​ភស្តុតាង​យកមកបោកបែកចោល ​ដើម្បីបំបាត់ភស្តុតាង​ទៀតផង មិនតែប៉ុណ្ណោះ​លោកអនុសេនីយ៍​ឯក យ៉ាន់ ម៉េងហាក់ ​មេបញ្ជាការរងមូលដ្ឋានកង​រាជ​អាវុធហត្ថ​ក្រុងព្រះវិហារ ​កាលពីថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២២ ​កន្លងមក ​បានចូលទៅកាត់សោផ្ទះរបស់ស្រី​ យក​សម្ភារៈអស់​មួយ​ចំនួនធំ ខណៈពេល​លោកស្រី និងក្រុមគ្រួសារ​មិនបាននៅផ្ទះ ។

ពាក់ព័ន្ធករណីនេះ លោកអនុសេនីយ៍ឯក យ៉ាន់ ម៉េងហាក់ អង្គភាពយើងទូរស័ព្ទសុំការបញ្ជាក់បកស្រាយ​ផងដែរ តែទូរស័ព្ទទំនាក់ទំនងមិនបានទេនៅរសៀលថ្ងៃទី០៣ ខែវិចិ្ឆការឆ្នាំ២០២៣នេះ។ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយរបស់លោកយ៉ាន់ ម៉េងហាក់ រាល់ម៉ោងបំពេញការងារ។

ប្រជាពលរដ្ឋ​ដើមបណ្ដឹង ទទូចស្នើសុំដល់ប្រព័ន្ធតុលាការខេត្តព្រះវិហារ ​សូមមេត្ដាពន្លឿនការដោះស្រាយឲ្យបានម៉ឺងម៉ាត់ និងការអនុវត្តច្បាប់ប្រកបដោយតម្លាភាព សុច្ចរិតភាព ដើម្បីផ្ដល់ភាពយុត្តិធម៌ត្រឹមត្រូវជូនពួកគាត់ជាជនរងគ្រោះផង៕

CATEGORIES
Share This