រដ្ឋបាលខេត្តកំពង់ស្ពឺប្រកាសផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃដល់បេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០២៣

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បាននិយាយថា ដោយមើលឃើញពីលទ្ធភាពរបស់កូនក្មួយដែលមកពីតាមបណ្តាស្រុក-ក្រុងទាំង៩ មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយការស្នាក់នៅបណ្តោះអាសន្នរយៈពេលពីរថ្ងៃសម្រាប់សម័យប្រឡងថ្ងៃទី៧វិច្ឆិកាខាងមុខ រដ្ឋបាលខេត្តបានរៀបចំកន្លែងស្នាក់នៅចំនួន១៨កន្លែងដោយឥតគិតថ្លៃដល់ក្មួយៗ។កន្លែងទាំង១៨ដែលរដ្ឋបាលខេត្តបានរៀបចំនោះគឺស្ថិតនៅក្បែរមណ្ឌលប្រឡងរបស់កូនក្មួយតែម្តង។

លោក វ៉ី សំណាង បានបន្ថែមថា កន្លែងស្នាក់នៅដែលរដ្ឋបាលខេត្តបានរៀបចំមានខ្លះជាកន្លែងធ្វើការរបស់មន្ទីរ អង្គភាពនៃរដ្ឋបាលខេត្តនិងខ្លះជាទីអារាមសាសនានៃពលរដ្ឋគោរពបូជា។កន្លែងស្នាក់នៅ ថ្វីត្បិតមិនមានភាពប្រណិត តែក្មួយៗអាចស្នាក់នៅបណ្តោះអាសន្នបាន។ មួយវិញទៀតគឺជួយសម្រាលបន្ទុកការចំណាយមួយចំណែករបស់មាតា បិតា និងអាណាព្យាបាលផងដែរ។

អភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ផងដែរថា ក្នុងការរៀបចំកន្លែងស្នាក់នៅរបស់កូនក្មួយក្នុងឱកាសប្រឡងសញ្ញាបត្រទុតិយភូមិថ្ងៃទី៦-៧ វិច្ឆិកាខាងមុខនេះគឺធ្វើឡើងដោយមានកិច្ចសហការរវាងសហភាពសហពន្ធ័យុវជនកម្ពុជាខេត្ត មន្ទីរអប់រំយុវជននិងកីឡាខេត្ត មន្ទីរអង្គភាពពាក់ពន្ធ័និងវត្តអារាមដែលនៅជិតមណ្ឌលប្រឡង។

ជាមួយនោះអភិបាលខេត្តកំពង់ស្ពឺក៏បានប្រាប់ឱ្យមាតា បិតានិងអាណាព្យាបាលរបស់បេក្ខជនដែលមកប្រលងទាំងអស់សូមទាក់ទងដោយផ្ទាល់ទៅអ្នកគ្រប់គ្រងនៃទីតាំងនីមួយៗដែលគិតថានៅជិតមណ្ឌលប្រឡងរបស់កូនៗ ដើម្បីបានកន្លែងស្នាក់នៅដោយមិនគិតថ្លៃ ព្រមទាំងបានកន្លែងដាក់មធ្យោបាយប្រកបដោយសុវត្ថិភាពផងដែរ។មិនតែប៉ុណ្ណោះអភិបាលខេត្តក៏បានណែនាំដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ទាំងអស់កុំឱ្យឆ្លៀតឱកាសតំឡើងថ្លៃក្នុងថ្ងៃប្រឡងនោះ ដើម្បីសម្រួលឱ្យកូនក្មួយអាចស្នាក់នៅបានរហូតដល់ថ្ងៃបញ្ចប់ការប្រឡងផងដែរ។

លោក ថន ថារិន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ស្ពឺបានបញ្ជាក់បន្ថែមថាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទី៦-៧ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបានរៀបចំឱ្យមានមណ្ឌលប្រឡងចំនួន១១មណ្ឌល បន្ទប់ប្រឡងចំនួន២០៦បន្ទប់និងមានបេក្ខជនប្រឡងចំនួន៥០៨១នាក់។ចំពោះចំនួនបេក្ខជនប្រឡងនេះនិងអាចមានការប្រែប្រួលខ្លះ និយាយរួមគឺថយជាងនេះព្រោះក្រសួងនឹងអាចដកបេក្ខភាពខ្លះចេញពីបញ្ជីបេក្ខជនប្រឡង ខណៈមានសិស្សខ្លះមិនបានប្រឡងឆមាសលើកទី២ និងមួយវិញទៀតបើបេក្ខជនប្រឡងមានការថយចុះ នោះចំនួនបន្ទប់ប្រឡងក៏អាចមានការថយចុះដូចគ្នា តែចំពោះមណ្ឌលប្រឡងមិនមានការកែប្រែទេ។

CATEGORIES
Share This