ប្រតិភូខេត្តបន្ទាយមានជ័យ ធ្វើទស្សនៈកិច្ច និង ចាប់ផ្តើមសហប្រតិបត្តិការ ជាមួយខេត្តចូឡាប៊ុក សាធារណរដ្ឋកូរ៉េខាងត្បូង
កូរ៉េ ៖ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តធ្វើទស្សនៈកិច្ចផ្លូវការ ទៅកាន់ខេត្តចូឡាប៊ុក (Jeollabuk-Do ) សាធារណៈរដ្ឋកូរ៉េខាងត្បូង ដើម្បីផ្តើមកិច្ចសហប្រតិបត្តិការ ជាមួយគ្នា រវាងខេត្តនិងខេត្ត នៃប្រទេសទាំងពីរ ។
លោក អ៊ុំ រាត្រី បានអោយដឹងថា ទស្សនកិច្ចផ្លូវការទៅកាន់សាធារណៈរដ្ឋកូរ៉េ ដើម្បីសិក្សាពីការអភិវឌ្ឍរបស់សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី០៥-១១ ខែតុលា ឆ្នាំ២០២៣ ។
ថ្ងៃទីមួយនៃដំណើរទស្សនកិច្ចនោះ បានដឹកនាំប្រតិភូខេត្តបន្ទាយមានជ័យ ទៅជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក គឹម ក្វានយុង (KimKwan/-Young) អភិបាលខេត្តចូឡាប៊ុក (Jeollabuk-Do ) នៅទីក្រុងចុងជូ (Jeonju-Si) នៃខេត្តភាគខាងត្បូងឆៀងខាងលិច របស់ប្រទេសកូរ៉េខាងត្បូង ។ ខេត្តនេះមានប្រជាជនជិត២លាននាក់ (១,៨លាន) ជាខេត្តឈានមុខលើវិស័យបច្ចេកវិទ្យាកសិកម្ម និងបច្ចេកវិទ្យាទំនើប ។ ឯខេត្តបន្ទាយមានជ័យ មានប្រជាជនជាង៨០,៧ម៉ឺននាក់ ។
ក្នុងជំនួបផ្លូវការនោះ ថ្នាក់ដឹកនាំខេត្តទាំងពីរ បានប្តេជ្ញាភ្ជាប់ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ពិសេសលើការចែករំលែកបទពិសោធន៍ បច្ចេកវិទ្យាកសិកម្ម ទេសចរណ៍ និងការរៀបចំទីក្រុង ៕